(ចិន)៖ អ្នកជំនួញកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមជាលើកទី០១ ក្នុងកម្មវិធី One Root One Dream ដែលជាកម្មវិធីជួបជុំ របស់អ្នកជំនួញជនជាតិចិន មកពីបណ្តាលប្រទេសនានា លើពិភពលោក។
ក្នុងកម្មវិធីនោះ លោកស្រី លុក សុវណ្ណា អគ្គនាយិកាក្រុមហ៊ុន ខេ និរន្តរ៍ ទទួលបាននូវពានរង្វាន់ ជាអ្នកជំនួញឆ្នើម ហើយក៏ជាស្ត្រីវ័យក្មេងទី១ ដែលមកពីប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២០ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ក្រោមគំនិតផ្តួចផ្តើម របស់ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន។
លោកស្រី លុក សុវណ្ណា បានបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មុនបុណ្យចូលឆ្នាំចិន ដើម្បីផ្តល់ឱកាស ឲ្យអ្នកជំនួញនានាបានចូលរួម។ នៅឆ្នាំ២០២០នេះ លោកស្រី បានក្លាយជាម្ចាស់ពានរង្វាន់អ្នកជំនួញឆ្នើម ដែលត្រូវបានជ្រើសរើស ចេញពីក្នុងចំណោមអ្នកជំនួញឆ្នើម ជាងគេចំនួន១០ប្រទេស។
លោកស្រី លុក សុវណ្ណា បានអះអាងថា ពានរង្វាន់នេះ ត្រូវអនុវត្តដោយផ្តោតសំខាន់លើ ការធ្វើជំនួញនាពេលកន្លងទៅ រហូតដល់បច្ចុប្បន្ន និងបានកសាងស្នាដៃល្អៗ ជាច្រើនផងដែរ។ លោកស្រីចាត់ទុកថា ការផ្តល់រង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួន
ជាមួយគ្នានោះ លោកស្រី បានបន្ដទៀតថា ការទទួលពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈទូរទស្សន៍ជាតិ របស់ប្រទេសចិន រយៈពេល៣ខែ ស្របពេលដែលចំណងមិត្តភាព រវាងររដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា កំពុងមានភាពជិតស្និទ្ធ ជាមួយគ្នាយ៉ាងខ្លាំង។
លោកស្រី លុក សុវណ្ណា បានបញ្ជាក់ថា ការទទួលបានពានរង្វាន់ អ្នកជំនួញឆ្នើមនេះ លោកស្រីពិតជារីករាយជាខ្លាំង ដែលការខិតខំលើស្មារតីទទួលខុសត្រូវ ប្រកបដោយភាពស្មោះត្រង់ចំពោះដៃគូ រកស៊ីរហូតទទួលបានជោគជ័យ ជាពិសេសគឺការរកស៊ី លើវិស័យអចលនទ្រព្យនៅកម្ពុជា ជាមួយអ្នកជំនួញចិនជាដើម។
ជាចុងក្រោយលោកស្រី ក៏សូមថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសារការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់លោកទាំង២ ធ្វើឲ្យប្រទេសជាតិរីកចម្រើនស្ទើរគ្រប់វិស័យ ពោរពេញដោយសុខសន្តិភាព ទើបធ្វើឲ្យលោកស្រី មានឱកាសទទួលបានពានរង្វាន់ អ្នកជំនួញឆ្នើមនាពេលនេះ៕