(ភ្នំពេញ)៖ សមិទ្ធផលជាច្រើនស្ថិតនៅវត្តបុទមវតី មានតម្លៃជាង២០ម៉ឺនដុល្លារអាមេរិក សម្រាប់បំរើឲ្យវិស័យ ព្រះពុទ្ធសាសនាត្រូវបានប្រារព្ធពិធីបុណ្យឆ្លងជាផ្លូវការ តាមពុទ្ធានុញ្ញតិ។
ពិធីនេះបានប្រារព្ធក្រោមឡើងក្រោម ការអញ្ជើញចូលរួមពីសម្ដេចមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចសង្ឃនាយកនៃកម្ពុជា និងមានការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ព្រមទាំងក្រុមគ្រួសារជាម្ចាស់ដើមទានផងដែរ។
សមិទ្ធផលដែលដាក់សម្ពោធ និងធ្វើបុណ្យឆ្លងនាឱកាសនេះរួមមាន៖ អគារបណ្ណាល័យ១ខ្នង, អគារសេនាសនៈ សម្រាប់មន្ត្រីបំពេញកិច្ច១ខ្នង, រោងភ្លើង១ខ្នង, អគារផ្ទះបាយ១ខ្នង, អគារឃ្លាំងដាក់សង្ឃភណ្ឌ១ខ្នង, សាលប្រជុំគណះសង្ឃ១ខ្នង, វច្ចកដិ១ខ្នង, ផ្លូវបេតុង និងទីសេនាសនៈ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញមានពុទ្ធដីកាថា កុសលកើតចេញបុណ្យ នៃការកសាងសមិទ្ធផលនេះ មានតម្លៃធំធេងណាស់ មិនសម្រាប់តែជាតិនេះទេបុណ្យនេះ ក៏បានសម្រាប់អនាគតជាតិ គឺលោកខាងមុខផងដែរ។
សម្ដេចព្រះពុទ្ធជ័យមុនី មានសង្ឃដីការទៀតថា សមិទ្ធផលដែលធ្វើបុណ្យឆ្លងនាពេលនេះ កើតឡើងតាមរយៈបុគ្គលអង្គណាក៏ដោយ គឺមិនជាកម្មសិទ្ធរបស់សង្ឃអង្គនោះទេ។
ផ្ទុយមកវិញសមិទ្ធផលទាំងនេះ គឺជាគរុភ័ណ្ឌរបស់វត្តទាំងមូលដែលត្រូវថែរក្សាទុក សម្រាប់ប្រើប្រាស់ និងបំរើឲ្យវិស័យព្រះពុទ្ធសាសនា។
ទាក់ទងនឹងការផ្ដួចផ្ដើម និងបច្ច័យនៅក្នុងការកសាងសមិទ្ធនេះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដីការថា គឺបានមកទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លារ របស់លោក ជា ចាន់តូ និងលោកស្រីព្រមទាំងក្រុមគ្រួសារ រួមនឹងកម្លាំងសាមគ្គីរបស់មន្ត្រី បុគ្គលិកគារជាតិនៃកម្ពុជា និងសប្បុរសជនជិតឆ្ងាយ។
ក្នុងឱកាសនោះសម្ដេចបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ដើមទានទាំងអស់ ពិសេសអគ្គទេសាភិបាល ជា ចាន់តូ និងលោកស្រីដែលកន្លងមកបានផ្ដួចផ្ដើម និងរួមចំណែកដល់ការកសាងសមិទ្ធផលជាច្រើន ដល់អារាមវត្តបុទមវតីដែលជាការចំណែក ដល់ការលើកកម្ពស់វិស័យព្រះសាសនា ឲ្យសក្តិសមជាសាសនារបស់រដ្ឋ និងជាទីដ្ឋានសម្រាប់គោរពបូជា របស់ពុទ្ធសានិកជនខ្មែរគ្រប់ៗរូប។
ក្នុងឱកាសនោះលោក ជា ចាន់តូ និងលោកស្រី បានប្រគេនបច្ច័យ ដល់ព្រះសង្ឃ១៥០អង្គផងដែរ៕