(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់យ៉ាងច្បាស់ថា គ្មានឡើងការនាំចូលជ្រូកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា។
ការចេញមកបញ្ជាក់ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួន និងវិទ្យុបរទេសនិយាយភាសារខ្មែរបានចុះផ្សាយ និងផ្សព្វផ្សាយព័ត៌មាន មិនមានការពិត ដែលបានចោទប្រកាន់មកលើមន្ត្រីមានសមត្ថកិច្ច ពិសេសអាជ្ញាធរខេត្តតាកែវ និងឈ្មួញវៀតណាម សហការគ្នាត្រៀមនាំជ្រូកចូលគ្មានត្រួតពិនិត្យមុនចូលឆ្នាំចិន។
ពាក់ព័ន្ធបញ្ហានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មបានពន្យល់ថា៖
ចាប់តាំងពីដើមឆ្នាំ២០១៩ មកប្រទេសវៀតណាម បានទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិច និងបានរីករាលដាលស្ទើរទូទាំងប្រទេស ធ្វើឱ្យការចិញ្ចឹមជ្រូកមានការថយចុះ ហើយការផ្គត់ផ្គង់សាច់ជ្រូក មិនបានគ្រប់តម្រូវការទីផ្សារ តម្លៃសាច់ជ្រូកចេះតែកើនឡើងជាលំដាប់ ដែលតម្រូវឱ្យមានការនាំចូលជ្រូកពីបរទេស ដើម្បីបំពេញតម្រូវការខ្វះខាត។
ប្រទេសកម្ពុជា ជាប្រទេសនាំជ្រូកឆ្លងកាត់ពីប្រទេសថៃ ទៅប្រទេសវៀតណាម ស្របតាមច្បាប់របស់កម្ពុជា ដែលក្រុមហ៊ុនស្របច្បាប់ បានទទួលគោលការណ៍ អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ ចេញដោយអគ្គនាយកដ្ឋាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់អនាម័យសត្វពីប្រទេសនាំចេញ ដើម្បីផ្គត់ផ្គង់នៅទីផ្សារបរទេសវៀតណាម។
ការពិត មិនមានករណីនាំចូលជ្រូកពីវៀតណាមមកកម្ពុជាឡើយ ព្រោះជ្រូកនៅប្រទេសវៀតណាម មានតម្លៃថ្លៃជាងនៅកម្ពុជា ហើយកំពុងខ្វះខាតខ្លាំង អ្វីដែលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹងហើយតែងតែតាមដានតម្លៃទីផ្សារ ជ្រូកជាមួយសមាគមន៍ចិញ្ចឹមសត្វ គឺនៅវៀតណាមតម្លៃជ្រូករស់នៅពេលនេះ ចន្លោះថ្លៃពី៣.៥ដុល្លារ ដល់៤ដុល្លារអាមេរិក (១៤,០០០រៀល ដល់១៦,០០០រៀល) ក្នុងមួយគីឡូក្រាម ចំណែកនៅកម្ពុជាតម្លៃចន្លោះពី១១,០០០រៀល ទៅ ១២,០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាម័ទីតាំងផ្សេងគ្នា។
នៅពេលបច្ចុប្បន្ននេះ ជ្រូកឆ្លងកាត់ពីប្រទេសថៃទៅប្រទេសវៀតណាមចន្លោះពី ៣,៥០០ក្បាល ទៅ ៧,០០០ក្បាលក្នុងមួយថ្ងៃ។ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជ្រូកចំនួន៤,៥០០ក្បាល ត្រូវបាននាំពីប្រទេសថៃទៅប្រទេសវៀតណាម។
ករណីនាំជ្រូកចេញពីវៀតណាមត្រលប់មកកម្ពុជាវិញ៖ មានករណីនៃការដឹកជ្រូកមកពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តំបន់នានា នៅប្រទេសវៀតណាម, ជ្រូកមួយចំនួនត្រូវបានដឹកជញ្ជូន ដល់គោលដៅ ដើម្បីផ្គត់ផ្គង់ទីផ្សារ ជាមួយគ្នានេះដែរជ្រូកមួយចំនួនទៀត ត្រូវបានភាគីវៀតណាម មិនអនុញ្ញាតដោយដឹកឆ្លងកាត់តំបន់ផ្ទះជំងឺ (តាមគោលការណ៍អង្គការ សុខភាពសត្វពិភពលោករាល់ចរាចរសត្វ និងផលិតផលសត្វ ចេញចូលតំបន់ផ្ទះជំងឺសត្វ ត្រូវបានហាមឃាត់ក្នុងរង្វង់កាំ១០គីឡូម៉ែត្រពីចំណុចផ្ទុះជំងឺ) ហើយជ្រូកទាំងនោះ បានត្រូវបង្វិលដឹកជញ្ជូនត្រលប់ចូលមកកម្ពុជាវិញ។ មូលហេតុនេះហើយ ដែលធ្វើឲ្យមានការភាន់ច្រឡំថា កម្ពុជានាំចូលជ្រូកពីវៀតណាម៕