(ភ្នំពេញ)៖ លេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍បទល្មើសលួច ឆក់ នៅរាជធានីភ្នំពេញ ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីប្រធាននាយកដ្ឋានពាក់ព័ន្ធ, អនុប្រធាននាយកដ្ឋាន, ស្នងការរងនគរបាលរាជធានីភ្នំពេញ, នាយការិយាល័យ នៃនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការខណ្ឌទាំង១៤ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានលេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បទល្មើសជារួមកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានចំនួន៥៦ករណី កើន២ករណី ក្នុងនោះបទលួច២៧ករណី និងបទឆក់២៩ករណី។
បើតាមលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ជាលទ្ធផលនៃប្រតិបត្តិការ ដោយមានការខិតខំប្រឹងប្រែងពីកងកម្លាំងគ្រប់អង្គភាពទាំងអស់ បានសហការគ្នាចូលរួមបង្ក្រាប ចំនួនសរុប៤១ករណី ចាប់ជនសង្ស័យ៥២នាក់ ក្នុងនោះជនសង្ស័យបង្ក្រាបបានក្រោយធ្វើតេស្ដធ្លាប់ប្រើសារធាតុញៀន មាន៤៨នាក់ ស្មើនឹង៩២ភាគរយ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា នៅតែបន្ដក្រើនរំលឹក និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដោយ កម្លាំងនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាត្រូវតែបង្ការ ទប់ស្កាត់កុំឲ្យបទល្មើសកើតមាន ហើយប្រសិនបើបទល្មើសកើតឡើងរួចហើយ ត្រូវតែរួមគ្នាបង្ក្រាបឲ្យខាងតែបាន សម្ដៅកាត់បន្ថយបទល្មើសក្នុងរាជធានីភ្នំពេញ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានកោតសរសើរដល់កងកម្លាំងគ្រប់អង្គភាពទាំងអស់ ដែលកន្លងទៅសហការគ្នាបានយ៉ាងល្អ ក្នុងការបង្ក្រាបបទល្មើសដែលកើតមាន។ បន្ថែមពីនេះ លោកក៏បានណែនាំឲ្យរិះរកនៅអ្វីដែលជាបញ្ហាប្រឈម ដែលនាំឲ្យបទល្មើសកើតឡើង។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានបញ្ជាឲ្យពង្រឹង និងជំរុញការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធីកសាងសំណុំរឿង ដើម្បីមានភស្ដុតាង រឹងមាំដាក់បន្ទុក ផ្តន្ទាទោសឲ្យបានកម្រិតខ្ពស់ (បទឧក្រិដ្ឋ) ស្របតាមក្រមព្រហ្មទណ្ឌ។ ពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ដ និងបន្ដស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីសេសសល់៕