(ភ្នំពេញ)៖ ជំនួបប្រចាំឆ្នាំជាលើកទី៤ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអ្នកព័ត៌មានជិត៦ពាន់នាក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ នាំឱ្យអ្នកព័ត៌មានភាគច្រើនបំផុតសុទ្ធតែរីករាយសប្បាយចិត្ត បន្ទាប់ពីទទួលបានសារក្រើនរំលឹក និងកែលំអរមួយចំនួនពីសម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាពិសេសការសម្រេចផ្តល់មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដើម្បីការពារក្តីដល់អ្នកព័ត៌មាន។
បើទោះបីមានអ្នកព័ត៌មានភាគច្រើនបំផុតសម្តែងការរីករាយចំពោះការបានជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី តែនៅក្រោយជំនួបនេះ ក៏មាននារីជាអ្នកសារព័ត៌មានមួយរូបបានសម្តែងការមិនសប្បាយចិត្តផងដែរ។ នារីជាអ្នកសារព័ត៌មាន ដែលមាន Facebook ឈ្មោះ «Ly Na» បានសម្តែងការមិនរីករាយចំពោះជំនួបនេះ ដោយបានលើកឡើងថា ជាជំនួបគ្រាន់តែទៅស្តាប់សម្តេចនាយករដ្ឋមន្ត្រី និងហូបអាហារ ហើយមិនបានលើកឡើងនូវអ្វីដែលជាទុក្ខកង្វល់របស់ខ្លួនជាអ្នកសារព័ត៌មាន។
«Ly Na» បានឆ្លៀតរៀបរាប់ពីទុកលំបាករបស់ខ្លួនពេលចុះទៅយកព័ត៌មានថា ពេលខ្លួនចុះយកព័ត៌មានក្នុងករណីជម្លោះដីធ្លី គឺត្រូវបានក្រុមឈ្មួញ ដែលត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចរឹតត្បិត និងគំរាញកំហែងជាដើម។ អ្នកសារព័ត៌មានរូបថែមទាំងលើកឡើងទៀតថា បើគ្រាន់តែចូលទៅស្តាប់សម្តេចតេជោនាយករដ្ឋមន្ត្រី និងហូបអាហារ កញ្ញានឹងមិនចូលរួមនោះឡើយនៅក្នុងជំនួបក្រោយៗទៀត។
សារបង្ហាញការមិនសប្បាយចិត្តរបស់ «Ly Na» នាំឱ្យមានការចាប់អារម្មណ៍ខ្លាំងណាស់ផងដែរ នៅលើបណ្តាញសង្គម Facebook។ អ្នកលេងបណ្តាញសង្គមខ្លះ បានគាំទ្រចំពោះការលើកឡើងនេះ តែអ្នកខ្លះមិនយល់ស្របនោះឡើយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលជាអ្នកទទួលខុសត្រូវលើការរៀបចំជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកព័ត៌មាន បានចេញមកពន្យល់ចំពោះការលើកឡើងនេះថា មូលហេតុដែលមិនមានរៀបចំឱ្យលើកសំណួរនៅក្នុងនេះ ព្រោះកង្វល់ និងសំណើរបស់អ្នកព័ត៌មានត្រូវបានលើកជារួមតាមរយៈរូបលោក។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅមុនពេលជួបជារៀងរាល់ឆ្នាំសមាគមអ្នកកាសែត តែងពិគ្រោះគ្នាលើកពីចំណុចដែលត្រូវដាក់ជូននាយករដ្ឋមន្ត្រីសម្រេច ហើយក្រសួងព័ត៌មានពិនិត្យពីចំណុចណាដែលគួរដាក់ដើម្បីសម្តេចនាយករដ្ឋមន្ត្រីសម្រេចជាគោលការណ៍។ បញ្ហានោះ គឺនិយាយជារួម មិននិយាយចំពោះតែបុគ្គលអ្នកសារព័ត៌មាននោះឡើយ។
លោក ខៀវ កាញារីទ្ធ បន្តថា នៅក្នុងឆ្នាំនេះ បញ្ហាដែលលើកឡើង គឺកិច្ចការពារអ្នកកាសែតនៅចំពោះមុខច្បាប់ និងសំណូមពរអ្នកកាសែតចង់មានប្រព័ន្ធសន្តិសុខសង្គមនៅពេលពួកគេមានជំងឺដង្កាត់ផ្សេងៗ។ តែដោយប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម មាននីតិវិធីច្បាស់លាស់ហើយ ក្រសួងមានគម្រោងបើកសិក្ខាសាលាមួយជូនអ្នកកាសែតដោយអញ្ជើញតំណាងក្រសួងសង្គមកិច្ចមកពន្យល់ ហេតុនេះនៅសល់តែរឿងការពារអ្នកកាសែតនៅចំពោះការប្តឹងផ្តល់នានា។
សំណូមពររបស់អ្នកព័ត៌មានដែលស្នើសុំឱ្យមានមេធាវីជួយការពារក្តីនេះ គឺសម្តេចតេជោ បានសម្រេចផ្តល់មេធាវីស្ម័គ្រចិត្តរបស់សម្តេចជួយការពារក្តីជូនអ្នកព័ត៌មានផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសពិសាអាហារសាមគ្គីជាលើកទី៤ ជាមួយអ្នកព័ត៌មានជិត៦ពាន់នាក់។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក្រៅតែពីការកោតសរសើរចំពោះការវិវឌ្ឍន៍លើវិស័យព័ត៌មាននៅកម្ពុជាហើយនោះ សម្តេចតេជោ ក៏បានមានប្រសាសន៍កែលំអរលើចំណុចឆ្គាំឆ្គង និងខ្វះខាតរបស់អ្នកព័ត៌មានផងដែរ។
ដើម្បីឱ្យអ្នកព័ត៌មានរក្សាបានតម្លៃក្រមសីលធម៌វិជ្ជាជីវៈរបសខ្លួន ចៀសផុតពីការប្តឹងផ្តល់ និងទិតៀនផ្សេងៗនោះ សម្តេចតេជោ ហ៊ុន សែន បានឱ្យអ្នកព័ត៌មានទន្ទិញនូវប្រយោគមួយឃ្លាថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ សម្តេចតេជោ បានចាត់ទុកប្រយោគមួយឃ្លានេះថា ជាយ័ន្តសម្រាប់ការពារអ្នកសារព័ត៌មាន។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកទៅដល់មន្ត្រីរបស់រាជរដ្ឋាភិបាល កុំឱ្យចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ដោយត្រូវចាត់ទុកជាដៃគូសហការមួយដ៏ប្រសើរ។
តាមរយៈប្រសាសន៍រយៈពេលជាងពីរម៉ោងរបស់សម្តេចតេជោ នៅក្នុងជំនួបនោះ ត្រូវបានគេមើលឃើញថា ជាចំណែកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងជាការជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផងដែរ៕