(ភ្នំពេញ)៖ បុរសម្នាក់បានបាញ់សង្សាររបស់ខ្លួន ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យកើតចេញពីអំណាចភ្លើងប្រចណ្ឌ ដែលហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាសង្សាររបស់នារីរងគ្រោះបានបីនារីរងគ្រោះដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ។
ភ្លាមៗនោះអ្នកជិតខាង បានជួយដឹកនារីរងគ្រោះខាងលើជាមួយសង្សារយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើរងរបួសដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួស ត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាសង្សារ ក៏បានរត់គេចខ្លួនបាត់។
សូមបញ្ជាក់ផងដែរថា ករណីបាញ់សម្លាប់នារីដែលជាសង្សារខាងលើនេះ នៅមិនទាន់ដឹងអំពីមូលហេតុថាបណ្ដាលមកពីអ្វីឲ្យពិតប្រាកដនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែគេដាក់ការសង្ស័យជាជំហានដំបូងថា អាចជាករណីភ្លើងប្រចណ្ឌ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីត្រួតពិនិត្យសាកសព និងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែកជនដៃដល់ សមត្ថកិច្ចជំនាញកំពុងតែ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕