(បាត់ដំបង)៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះហត្ថលេខាលើអនុស្សណ:យោគយល់គ្នាជាមួយក្រុមហ៊ុនឌូវី អ៊ិនណេសិនណលបាត់ដំបង ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍ខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកាន់តែច្រើន។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅស្នាក់ការក្រុមហ៊ុនឌូវី អ៊ិនណេសិនណលខេត្តបាត់ដំបង ក្រោមវត្តមានលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង។
លោក ខែម រស្មី ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា កិច្ចសហការគ្នានេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សដល់សិស្សនិស្សិតក្នុងខេត្ត ក៏ដូចជានៅក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នាពេលនេះ និងទៅអនាគត់។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយសារខេត្តបាត់ដំបង គឺជាខេត្តមួយស្រស់ប្រិមប្រិយ មានភាពទាក់ទាញសមជាខេត្តល្អសម្រាប់ការរស់នៅបំពេញការងារការទស្សនាកម្សាន្ត និងចំណាយពេលសម្រាប់លម្អកាយ។
ខេត្តបាត់ដំបងមានប្រពៃណី ទំនៀមទម្លាប់ល្អណាស់តាំងពីសម័យលោកម្ចាស់ ដែលតស៊ូជាមួយអាណានិគមនិយមបារាំងផង និងការពារទឹកដីពីប្រទេសជិតខាងផងបានបន្សល់ទុកនៅផ្ទះបុរាណជាច្រើន បូករួមទាំងជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានដែលបានក្លាយជាផលិតផលដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។
លោក សឿម ប៊ុនរិទ្ធ បានឲ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ដូចជាប្រាង្គប្រាសាទបុរាណ ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មកម្រ ប្រវត្តិសាស្រ្តសម័យលោកម្ចាស់ និងអាណានិគម ហើយក្រៅពីនេះនៅមានដងស្ទឹង ភ្នំព្រៃព្រឹក្សា បឹងបួរ ទន្លេ សត្វចតុបាទ សត្វស្លាប គ្រប់ប្រភេទបង្កលក្ខណៈជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ជាសក្តានុពលបម្រើឲ្យវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តស្រាវជ្រាវ និងសម្រាកលំហែកាយ ដែលមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីចូលរួមថែរក្សាខ្សែក្រវាចំណាត់ថ្នាក់លេខ១ ទីក្រុងស្អាត សូមនាំគ្នាសម្អាតអនាម័យបរិស្ថានល្អឲ្យសមជាទីក្រុង បានចូលបេតិកភណ្ឌពិភពលោកផងដែរ៕