(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥។
យោងតាមអនុក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការចេញអនុក្រឹត្យនេះ បានធ្វើឡើងក្នុងគោលបំណង ចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា តាមពិតទៅកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ដែលអនុវត្តន៍ទៅតាមប្រកាសអន្តរ ក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលជាមុន ហើយចាប់តាំងពីដើមឆ្នាំ២០២០នេះទៅ ការអនុត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ មានលក្ខណៈទូលំទូលាយ ដែលចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាលជាដើម តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅពេលថ្មីៗនេះ៕
ខាងក្រោមនេះ ជាអនុក្រឹត្យស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៖