(ភ្នំពេញ)៖ លោកស្រី អូប៉ូជី ជីហ្សូកុ (Obuchi Chizuko) ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី បានអញ្ជើញធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) រាជធានីភ្នំពេញ។
ការធ្វើទស្សនកិច្ចរបស់ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី ដឹកនាំដោយលោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធមិត្តសភាជប៉ុន-កម្ពុជា និងភរិយា, លោកស្រី អូប៊ូជី យូកូ សមាជិកសភា និងជាអគ្គលេខាធិការសម្ព័ន្ធមិត្តសភាជប៉ុន-កម្ពុជា ត្រូវជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី OBUCHI Keizo នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក CMAC ។
លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនេះ គណ:ប្រតិភូបានចាប់អារម្មណ៍យ៉ាងខ្លាំង លើវិស័យសកម្មភាពមីននៅកម្ពុជា ពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងដឹកនាំប្រទេសឲ្យមានការរីកចំរើន និងការអនុវត្តគោលនយោបាយបោសសំអាតមីនយ៉ាងមានប្រសិទិ្ធភាពខ្ពស់។
លោកបន្តថា ក្នុងនោះគណៈប្រតិភូក៏ដូចជាលោកស្រីភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានការរំភើបក្នុងចិត្តក្រៃលែងដោយឃើញស្មារតី របស់លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន អូប៊ូជី លើការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលមានតាំងទសវត្ស៩០នោះ បន្តសំរេចបានជោគជ័យយ៉ាងធំធេង។
ជាមួយគ្នានេះ លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធមិត្តសភាជប៉ុន-កម្ពុជា ប្រធានគណៈប្រតិភូប្តេជ្ញាបន្តគាំទ្រសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលនោះ ឲ្យនសកម្មភាពកាន់តែទទួលបានជោគជ័យថែមទៀត។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោកស្រី អូប៉ូជី ជីហ្សូកុ (Obuchi Chizuko) ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រី អូប៊ូជី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រីពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកស្រី និងស្វាមី បានមកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។
លោកស្រីបានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនលោកស្រី។
លោកស្រីបានមានប្រសាសន៍ថា លោកស្រីមានការចងចាំយ៉ាងរស់រវើក អំពីដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់អង្គភាព CMAC កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមីរបស់លោកស្រី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ច នៅ CMAC ផងដែរ។
លោកស្រីបានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាផង ដំណើរទស្សនកិច្ចទៅស៊ីម៉ាក់ផង លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជាបានទទួលនូវ សុខសន្តិភាពពិតប្រាកដ ហើយជាងនេះទៀត ប្រជាជនកម្ពុជា មានទឹកមុខស្រស់ស្រាយ និងរស់រវើក។
សម្ដេចតេជោក៏បានលើកឡើង ពីអតីតកាលដែលនៅពេលនោះ លោក អូប៊ូជី បានមកទស្សនកិច្ចនៅកម្ពុជា ហើយក្នុងទស្សនកិច្ចនោះផងដែរ មានតែលោកអូប៊ូជី និងលោកស្រីទេ ដែលជាជនជាតិបរទេស បានធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីន និងអង្គភាពស៊ីម៉ាក់ ហើយមានតែលោក អូប៊ូជី ទេ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាដោះមីននេះ៕