(សៀមរាប)៖ អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំកម្ពុជា បានប្រគល់បរិក្ខាពេទ្យ ម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនព្រីន ដល់មណ្ឌលសុខភាព ចំនួន៣ ដែលចំណាយអស់ទឹកប្រាក់ជាង ៣ម៉ឺនដុល្លារ។ ដែលពិធីប្រគល់ និងទទួលនេះ បានធ្វើនៅសាលប្រជុំ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។
ពិធីប្រគល់ និងទទួលនេះ ស្ថិតក្នុងវត្តមានរបស់លោក Liu Zhijie និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប, លោកស្រីបណ្ឌិត កើត ពេជ្រចិន្តា នាយកទីភ្នាក់ងារបញ្ជាក់ ចំណាយសេវាសុខាភិបាល, និងវត្តមានរបស់ប្រធានមណ្ឌលសុខភាពទាំងបីរ រួមនិងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលមួយចំនួនទៀត ផងដែរ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឱ្យដឹងថា បរិក្ខាពេទ្យ បរិធានរឺឧបករណ៍ សម្រាប់វាស់ចលនាបេះដូង និងសញ្ញាជីវិត (Patient Monitor) ចំនួន ៦គ្រឿង, ឧបករណ៍មន្ទីរពិសោធន៍ សម្រាប់វិភាគគីមីវេជ្ជសាស្រ្តក្នុងឈាម (Semi-Auto Chemistry System) ៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ចំនួន ៦គ្រឿង, និងម៉ាស៊ីនព្រីន ចំនួន៦គ្រឿង ដែលសរុបទឹកប្រាក់ ៣៣,៣៧៨ដុល្លារ, បានបែងចែកដល់មណ្ឌលសុខភាព ចំនួន៣ គឺមណ្ឌលសុខភាពស្រែណូយ, មណ្ឌលសុខភាពបន្ទាយស្រី, និងមណ្ឌលសុខភាពកំពុងក្ដី។
ដែលមណ្ឌលសុខភាពនិមួយៗ ទទួលបានបរិធាន ឬឧបករណ៍សម្រាប់វាស់ចលនាបេះដូង និងសញ្ញាជីវិតចំនួន ២គ្រឿង, ឧបករណ៍មន្ទីរពិសោធន៍ សម្រាប់វិភាគគីមីវេជ្ជសាស្រ្តក្នុងឈាម ១គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ចំនួន ២គ្រឿង, និងម៉ាស៊ីនព្រីន ចំនួន ២គ្រឿង។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏ដូចជាស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានឧត្តម្ភគាំទ្រ នូវគ្រឿងបរិក្ខាពេទ្យ និងថ្នាំពេទ្យ ជាបន្តបន្ទាប់កន្លងមក ដល់សេវាសុខាភិបាល នៅខេត្តសៀមរាប ហើយលោកសង្ឃឹមថា ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន កាន់តែរឹងមាំ រីកចម្រើន និងស្ថិតស្ថេរតរៀងទៅ៕