(សៀមរាប)៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ បានបញ្ជាឱ្យរុះរើរោងឆ្មាំដែលមិនចាំបាច់ និងកែប្រែទីតាំងទាំងនោះសម្រាប់ដាំស្មៅ និងដាំដើមឈើ ថែមទាំងណែនាំឱ្យកែលម្អរោង អភិរក្សអង្គរវត្តនាប៉ែកខាងត្បូង ដើម្បីរៀបចំឱ្យមានសណ្តាប់ធ្នាប់ ហើយមួយផ្នែកនៃរោងអភិរក្សរៀបចំជាទីស្នាក់ការបុគ្គលិក ឆ្មាំ ភ្នាក់ងារទេសចរណ៍វិញ។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងពេលដែលលោកដឹកនាំប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងជុំវិញប្រាសាទអង្គរវត្ត ដើម្បីរៀបចំកែលម្អសណ្តាប់ធ្នាប់ឱ្យ កាន់តែប្រសើរឡើង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
ក្នុងការចុះពិនិត្យទីតាំងផ្ទាល់នេះលោក ហង់ ពៅ បានផ្តល់ជាអនុសាសន៍ឱ្យរុះរើរោងឆ្មាំដែលមិនចាំបាច់ និងកែប្រែទីតាំងនេះសម្រាប់ដាំស្មៅ និងដាំដើមឈើ ដោយកែប្រែរោងអភិរក្សអង្គរវត្តខាងត្បូង រៀបចំឱ្យមានសណ្តាប់ធ្នាប់ ហើយមួយផ្នែកនៃរោងអភិរក្សរៀបចំជាទីស្នាក់ការបុគ្គលិក ឆ្មាំ ភ្នាក់ងារទេសចរណ៍វិញ។
សូមបញ្ជាក់ថា ក្រៅពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាព ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ រៀបចំ កែលម្អ និងស្វែងរកដំណោះស្រាយរួម សំដៅធ្វើយ៉ាងណា ប្រែក្លាយរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់៕