(ភ្នំពេញ)៖ របាយការណ៍ស្ដីពីចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា សម្រាប់ឆ្នាំ២០១៩ បានបង្ហាញថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន១,៩៨១នាក់ ដែលចំនួននេះមានការកើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់។ ចំណែកអ្នករងរបួសមាន ចំនួន៦,១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន១,៣៧១នាក់។
នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០១៩កន្លងទៅនេះ សកម្មភាពចរាចរណ៍មានភាពមមាញឹកខ្លាំង ដែលកំណើនយានយន្ត មានការកើនដល់៣៧ភាគរយ ដែលក្នុងនោះការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចមានការរីកចម្រើន ហេតុដូច្នេះទើបធ្វើឲ្យមានការកើនឡើង អត្រាគ្រោះថ្នាក់ចរាចរណ៍២៦ភាគរយ និងចំនួនអ្នកស្លាប់ មានការកើនឡើងចំនួ២២០នាក់ ស្មើនិង១២ភាគរយ និងចំនួនអ្នករបួសកើនឡើង២៩ភាគរយ បើប្រៀបធៀបជាមួយ ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា កត្តាដែលនាំឲ្យមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ទី១៖ ដោយសារកត្តាសត្យានុម័ត ចរាចរណ៍មានភាពមមាញឹក និងទី២៖ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ដែលក្នុងនោះរួមមាន ការបើកបរលើសល្បឿនកំណត់, ការមិនគោរពសិទ្ធិអាទិភាព, បញ្ហាវ៉ាជែង, បត់ខ្វះការប្រុងប្រយ័ត្ន និងបញ្ហាបើកបរពេលស្រវឹងផងដែរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងនាមជាប្រធានអនុគណៈកម្មការទី២ បានឡើងដោយយកឧទាហរណ៍ នៃចំណុចអវិជ្ជមាន បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៩ ដើម្បីជាគន្លឺះជាក់ស្តែង នៃការរៀបចំដាក់ចេញជាវិធានការណ៍ចំពោះមុខសម្រាប់អនុវត្តទិសដៅ ក្នុងឆ្នាំ២០២០ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានដាស់តឿនការរឹតបន្តឹងច្បាប់ចរាចរណ៍ តួនាទីរបស់អង្គភាពនីមួយៗ ក្នុងអនុគណៈកម្មការទី២ នៃគ.ស.ច.គ. ដើម្បីចូលរួមអនុវត្តក្នុងទិសដៅ ឆ្នាំ២០២០ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ វិធានការណ៍ស្វែងរកជន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់ ដើម្បីការទទួលទោសតាមច្បាប់ និងការផ្តល់យោបល់ជាច្រើនទៀត ក្នុងការជួយរៀបចំរបាយការណ៍ទិសដៅ របស់អនុគណៈកម្មការទី២ សម្រាប់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕