(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកយ៉ាម៉ាម៉ូតុ កូហ្សូ (Yamamoto Kozo) សមាជិកសភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថាលោក យ៉ាម៉ាម៉ូតុ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានជួបជាមួយសម្តេចតេជោ កាលពីឆ្នាំ២០០៧ ហើយលោកពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សបំផុត។
លោកបន្ថែមថា ដំណើរទស្សនកិច្ច មកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ៖
ទី១៖ គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេន (ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល) នៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេន នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការ រួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយ ដែលដាក់ចេញឲ្យប្រើប្រាស់ នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។
ទី២៖ គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុងភ្នំពេញ។ លោកក៏បានស្នើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ នៅបញ្ហាទាំងពីរខាងលើ។
ជាការឆ្លើយតបសម្ដេចតេជោ បានលើកទឹកចិត្តលោក មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេន ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះឲ្យមានដំណើរការប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។
ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាត ឲ្យបានច្រើនដោយសារតែរាជធានីភ្នំពេញ កាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ ជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងទទួលផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ។
សម្ដេចតេជោបានបញ្ជាក់ថា ការងារចំនួន២ដែលត្រូវធ្វើគឺ៖ ទី១៖ គឺត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និងទី២៖ គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕