(ស្វាយរៀង)៖ ទីតាំងធ្វើអាជីវកម្មចាក់សាក់ ៣កន្លែង នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានលោក សរ សុដានី អភិបាលរងក្រុងតំណាង លោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានចុះត្រួតពិនិត្យ និងផ្អាកជាបណ្ដោះអាសន្ន ព្រោះមិនមានច្បាប់អនុញ្ញាតម៉្យាងអាជីវកម្មនេះ ជាលក្ខណៈសិល្បៈតែវាបានបង្កប់នូវសកម្មភាពអសន្តិសុខផងដែរ។
ការចុះផ្អាកអាជីវកម្មចាក់សាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទីតាំង៣កន្លែងផ្សេងគ្នា នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួមពីអធិការនគរបាល កងរាជអាវុធហត្ថក្រុង មន្ត្រីសាលាក្រុង ជាច្រើនផងដែរ។
លោក សរ សុដានី បានឱ្យដឹងថា ការចុះត្រួតពិនិត្យកន្លែងចាក់សាក់នេះ គឺមាន៣កន្លែងផ្សេងគ្នា មាននៅសង្កាត់ស្វាយរៀង២កន្លែង និងសង្កាត់ចេក១កន្លែង។ បន្ទាប់ពីលោកបានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំទីតាំងចាក់សាក់ចំនួន៣កន្លែង រួចមកក្រុមការងារនឹងរៀបចំ លិខិតរដ្ឋបាល ដើម្បីផ្អាកអាជីវកម្មចាក់សាក់នេះ ជាបណ្តោះអាសន្នរង់ចាំការសម្រេចពីលោកអភិបាលក្រុង ស្វាយរៀងផងដែរ។
លោកក៏បានបន្ថែមថាការអាជីវកម្មទាំងនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេម្យ៉ាងវិញទៀត ទោះអាជីវកម្មនេះជាលក្ខណៈសិល្បៈ ក៏ពិតមែនប៉ុន្តែវាបានបង្កប់នូវសកម្មភាពអសន្តិសុខជាច្រើន ក្នុងសង្គមរបស់យើងផងដែរ៕