(ភ្នំពេញ)៖ ក្រុមអាជីវករដែលដាក់លក់ដូរទំនិញផ្សេងៗ រំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងរបៀបរៀបរយសង្គម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ និងផ្លូវលេខ៦៨R ជុំវិញបរិវេណផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ពេលនេះចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយ តាំងពីថ្ងៃទី១៤-១៥-១៦ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រតិបត្តិការក្ដៅទ្រង់ទ្រាយធំ និងឈានដល់ការដកហូតសម្ភារមួយចំនួនមករក្សាទុក ពីក្រុមអាជីករលក់ដូរទាំងឡាយ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ។
ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ដោយ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំផ្ទាល់ដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដែលជាវិធានការដាក់ចេញ ដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានឲ្យដឹងថា ដើម្បីទប់ស្កាត់មិនឲ្យបាត់បង់ចំណីចិញ្ចើមផ្លូវ ការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម គឺត្រូវបានអនុវត្តឡើងជាប្រចាំ «ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ» ដែលជាវិធានការរួមចាំបាច់មួយ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងគោលបំណងបញ្ជៀស រាល់ការរំលោភបំពាន ដោយប្រជាអាជីវករដាក់តាំងលក់ដូរទំនិញ ឬសម្ភារផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួន លយលើចិញ្ចើមផ្លូវ គឺមិនត្រូវបានអនុញ្ញាតឲ្យកើតមានឡើងជាដាច់ខាត ក្រោយពីអាជ្ញាធរសង្កាត់-ខណ្ឌ ចេញសេចក្ដីជូនដំណឹង ច្រើនលើកច្រើនសារ តែក្រុមអាជីវករមិនស្ដាប់ ហើយរឹងរូសដដែលជាដដែល នោះអាចប្រឈមលើការចាប់ដកហូតសម្ភារ មករក្សាទុក ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតឡើយ៕