(តាកែវ)៖ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ បានអះអាងថា មិនមានការនាំសត្វជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកនីមួយៗនៃខេត្តតាកែវនោះទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាល បានលើកឡើងថា បញ្ហាសត្វជ្រូកនេះ អភិបាលខេត្តតាកែវ និងក្រសួងកសិកម្ម បានណែនាំមន្រ្តីជំនាញបសុព្យាបាលសត្វខេត្តតាកែវ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបផងដែរចំពោះការនាំចូលសត្វជ្រូកពីប្រទេសវៀតណាម ហើយដើម្បីលើកទឹកចិត្តដល់មន្រ្តី ចំពោះការចុះបង្រ្កាបលោកអភិបាលខេត្ត បានធ្វើការឧបត្ថម្ភថវិកា ១លានរៀលផងដែរ ចំពោះការបង្រ្កាបបានមួយករណី។
ដោយឡែក ចំពោះរូបភាព ក៏ដូចជាខ្លឹមសារមួយចំនួន ដែលបានចុះផ្សាយថា មានសត្វជ្រូកនាំចូលពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមផ្លូវខេត្តតាកែវ ដោយមានការបើកដៃពីមន្រ្តីពេទ្យសត្វ និងពីប្រធានមន្ទីរកសិកម្មខេត្ត ត្រូវបានលោក ថៃ លី លើកឡើងថា សត្វជ្រូកដែលចរាចរណ៍នៅទូទាំងខេត្តតាកែវ គឺនាំចូលមកពីប្រទេសថៃ យកមកចែកចាយលក់នៅក្នុងខេត្តតាកែវមួយភាគ និងមួយចំនួនទៀត យកទៅប្រទេសវៀតណាម ព្រោះនៅវៀតណាម មានការខ្វះខាតសត្វជ្រូកសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដូច្នោះហើយ ទើបនាំយកពីប្រទេសថៃទៅចែកចាយដល់ប្រទេសវៀតណាម។
លោកប្រធានពេទ្យសត្វ បានបន្ថែមថា បើប្រៀបធៀបជាមួយតម្លៃសាច់ជ្រូក នៅប្រទេសវៀតណាម និងកម្ពុជា យើងគឺតម្លៃសាច់ជ្រូកនៅប្រទេសវៀតណាមថ្លៃជាងយើង ដូច្នោះហើយបានជាមានការ នាំជ្រូកពីប្រទេសថៃ បានសម្រុកនាំជ្រូកទៅវៀតណាមច្រើន ដោយឆ្លងកាត់ខេត្តតាកែវ ហើយក្រុមហ៊ុនដែលនាំសត្វជ្រូកចេញនេះ គឺក្រុមហ៊ុនចន្ធូមានជ័យ។ ដោយឡែក សម្រាប់សត្វជ្រូក ដែលមានការនាំចូលពីប្រទេសវៀតណាម មកខេត្តតាកែវនោះ គឺជាសត្វជ្រូកដែលវៀតណាម បានយកមកពីប្រទេសថៃ ហើយសល់ព្រោះខាងវៀតណាមយកសត្វជ្រូក ដែលមានគីឡូ ៨០ចុះក្រោមតែប៉ុណ្ណោះ សល់ប៉ុន្មានយកមកវិញ ដូច្នោះរូបភាពដែលយកសត្វជ្រូក ពីព្រំដែនវៀតណាមជាប់ខេត្តតាកែវនេះ គឺជាសត្វជ្រូកដែលយកពីប្រទេសថៃតែប៉ុណ្ណោះ មិនមែនជ្រូកដែលនាំចូលពីវៀតណាមនោះទេ ហើយចំពោះសត្វជ្រូកដែលដឹកពីប្រទេសថៃ យកមកលក់នៅប្រទេសវៀតណាម ដែលសល់សត្វជ្រូកដឹកមកវិញ មានសភាពសត្វជ្រូកឡើងពណ៌ក្រហម ឬមានស្នាមជាំដុំៗនោះ គឺមកពីការដឹកហាលថ្ងៃ ផ្លូវឆ្ងាយ និងមានការប៉ះទង្គិចទ្រុងដែករបស់ឡាន ទើបមានសភាពបែបនេះ។
លោកប្រធានពេទ្យ ក៏ណែនាំទៅដល់មន្រ្តីក្រោមឱវាទ ពិសេសមន្រ្តីដែលនៅស្រុកជាប់ព្រំដែនត្រូវត្រៀមលក្ខណៈ ក្នុងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះការធ្វើចលនាសត្វ ពិសេសនៅតាមព្រំដែន ដោយធ្វើយ៉ាងណាត្រូវពិនិត្យឲ្យបានម៉ាត់ចត់ ថាតើសត្វទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវហើយឬនៅ ហើយមានជម្ងឺដែរឬទេ បើគ្មានច្បាប់អនុញ្ញាត ឬសត្វមានបញ្ហា ត្រូវតែចាប់ឃាត់ទុក យកមកកន្លែង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕