(ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ទំហំ ៥x៦ម៉ែត្រ នៅក្រុងពោធិ៍សាត់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតសម្ភារមួយចំនួនធំ តែមិនបណ្តាលឲ្យរងគ្រោះ ដល់អាយុជីវិតមនុស្សឡើយ។
ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យលេបត្របាក់នោះ សង់ពីឈើ ប្រក់ក្បឿង មានទំហំ ៥x៦ម៉ែត្រ ខូចខាតទាំងស្រុង ដែលមានម្ចាស់ផ្ទះឈ្មោះ រ៉ាយ ហឿន អាយុ៧៥ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ។ ករណីនេះត្រូវបានសមត្ថកិច្ចដាក់ការសន្និដ្ឋានថា ដោយសារផ្ទុះសេខ្សែភ្លើង។
សេចក្តីរាយការណ៍បន្ថែមថា ដោយសារភូមិសាស្រ្តនៅទីនោះមានលក្ខណៈតូច ចង្អៀត ធ្វើឲ្យកម្លាំងសមត្ថកិច្ច ពិបាកក្នុងការជួយអន្តរាគមន៍ បានទាន់ពេលវេលា ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ច នៅតែខិតខំរកវិធីសាស្រ្ត ដើម្បីជួយទប់ស្កាត់មិនឲ្យអគ្គីភ័យនេះ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀតបានឡើយ។
ជាមួយនឹងការជួយអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់ឡានទឹកចំនួន ៣គ្រឿង ទើបគ្រប់គ្រងសភាពការទាំងស្រុងបាន។ ក្នុងប្រតិបត្តិការនេះផងដែរ បានការជួយអន្តរាគមន៍ដល់ទីកន្លែង ពីសំណាក់លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ និងបងប្អូនប្រជាពលរដ្ឋ ជិតខាងភូមិផងរបងតែមួយ។
មូលហេតុមកពីដាំបាយដាក់ចង្ហាន់លោក ពន្លត់ចង្ក្រានមិនអស់ ហើយគាត់ចេញមករាប់បាត្រលោក នៅផ្លូវខាងមុខ។
បើតាមការអះអាងពីម្ចាស់ផ្ទះ បានឲ្យដឹងថា សម្ភារដែលរងការខូចខាតរួមមាន លុយខ្មែរ២លានរៀល លុយដុល្លារ១ពាន់ដុល្លារ និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ៕