(ភ្នំពេញ)៖ សមាជិកសភាតំណាងរាស្ត្រប្រទេសជប៉ុន លោក YAMAMOTO Kozo បានស្នើឲ្យភាគីកម្ពុជា-ជប៉ុន ពន្លឿនការចុះកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នាឲ្យបានឆាប់ ដើម្បីលើកទឹកចិត្តឲ្យវិនិយោគិនជប៉ុន មកដាក់ទុនវិនិយោគនៅកម្ពុជា។
ការស្នើរបស់តំណាងរាស្ត្រប្រទេសជប៉ុនរូបនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងសេដ្ឋកិច្ច។
ឆ្លើយតបនឹងសំណូមពរពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ជាមួយប្រទេសជប៉ុននេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យក្រុមការងារបច្ចេកទេស ពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តចរចាជាមួយគ្នាបន្ថែមទៀត ដើម្បីរកឲ្យឃើញនូវដំណោះស្រាយរួម សម្រាប់ឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខ។
គិតមកដល់ពេលនេះ កម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា ប្រទេស និងតំបន់ចំនួន៩រួចមកហើយ គឺចុះហត្ថលេខាជាមួយសាធារណរដ្ឋសិង្ហបុរី, ព្រុយណេដារូសាឡឹម, សាធារណរដ្ឋប្រជាមានិតចិន, ព្រះរាជាណាចក្រថៃ, សាធារណរដ្ឋសង្គមនិយមរៀតណាម, សាធារណរដ្ឋឥណ្ឌូណេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុងរបស់សាធារណរដ្ឋប្រជាមានិតចិន, ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង។
ទស្សនកិច្ចរបស់លោក YAMAMOTO Kozo នៅកម្ពុជា លោកមានគោលបំណងសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយភាគីកម្ពុជា លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងវិស័យធនាគារ។
នៅក្នុងជំនួបពិភាក្សានោះ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក YAMAMOTO Kozo សមាជិកសភាតំណាងរាស្ត្រប្រទេសជប៉ុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ឆ្លៀតពីការបំពេញការងារដ៏មមាញឹក នៅក្នុងប្រទេសជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីគុណបំណាច់ ដ៏ឧត្តុង្គឧត្តមរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចាប់តាំងពីការជួយដល់ដំណើរ ការកសាងសន្តិភាព រហូតដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
លោកថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយបាននាំមកនូវសមិទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើនអនេក ជាពិសេសក្នុងក្របខ័ណ្ឌជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។ ទន្ទឹមនេះ លំហូរវិនិយោគផ្ទាល់ពីប្រទេសជប៉ុន ក៏មានសន្ទុះកើនឡើងផងដែរ ដែលបានជួយបង្កើតការងារ, ផ្ទេរបទពិសោធន៍ និងចំណេះដឹង, ព្រមទាំងបានរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
លោក YAMAMOTO Kozo បានលើកឡើងថា ប្រទេសកម្ពុជា សម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏មានការលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ។
លោកបានលើកឡើងពីប្រវត្តិនៃការកសាងសេដ្ឋកិច្ចប្រទេសជប៉ុន ការធ្វើកំណែទម្រង់វិស័យហិរញ្ញវត្ថុ និងការជំរុញឲ្យអនុវត្តមធ្យាបាយ ទូទាត់ដែលមិនប្រើក្រដាសប្រាក់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនលោកតំណាងរាស្ត្រជប៉ុន YAMAMOTO Kozo អំពីគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ក្នុងវិស័យហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា មានក្របខ័ណ្ឌគោលនយោបាយ រយៈពេលវែង ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជំរុញឲ្យប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈផងដែរ។
ទន្ទឹមនេះ, ធនាគារជាតិនៃកម្ពុជា បានបង្កើតប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃការទូទាត់ ដោយមិនប្រើក្រដាសប្រាក់។
ឆ្លៀតក្នុងឱកាសនោះដែរ ជាថ្មីម្តងទៀត អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងបន្តជួយឧបត្ថម្ភគាំទ្រដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយបានរួមវិភាគទានដ៏ថ្លៃថ្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕