(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានបិទវគ្គបណ្ដុះបណ្ដាល បច្ចេកទេសព្យាបាល និងថែទាំផ្នែកប្រពោធនកម្ម (TITAN) ក្រោមកិច្ចសហការពីក្រុមការងារមន្ទីរពេទ្យ តាន់ តុកសេង និងមូលនិធីអន្តរជាតិតេម៉ាសែក របស់សិង្ហបុរី ដែលជាដៃគូក្នុងកិច្ចសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត។
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា កិច្ចសហការនេះបានធ្វើរួមគ្នា អស់រយៈពេលច្រើនឆ្នាំមកហើយ គឺចាប់តាំងពី គម្រោងដំបូងដែលទើបតែនឹងបញ្ចប់នៅឆ្នាំ២០១៧ គឺគម្រោងកម្មវិធី STAR (ជំនាញផ្នែករបួស និងការជួយសង្រ្គោះឡើងវិញ) ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។
គម្រោង TITAN ដែលមានរយៈពេល៣ឆ្នាំ រវាងស្ថាប័នទាំងបីរបស់យើង គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យតាន់ តុកសេង និងមូលនិធីតេម៉ាសែក ក្រោមការគាំទ្រប្រកបដោយចីរភាព ពីសំណាក់ក្រសួងសុខាភិបាល ទៅលើការប្តេជ្ញាចិត្តបន្ថែមទៅនឹងស្តង់ដានៃការថែទាំខ្ពស់ ដែលផ្តោតសំខាន់លើ គុណភាព សុវត្ថិភាព និងការពេញចិត្ត។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញក្ដីរីករាយ ដោយគម្រោងនៃការបណ្ដុះបណ្ដាលនេះ បានចប់សព្វគ្រប់ដំណើរការដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា។ ក្នុងរយៈពេល២ឆ្នាំកន្លង ទៅសិក្ខាកាមចំនួន៩០នាក់ បានចូលរួមក្នុងគម្រោងនេះ ដោយមាន២០រូប បានបំពេញវគ្គ Advanced និង៧១នាក់បានបំពេញវគ្គមូលដ្ឋាន។
លោកបានបន្ដថា សិក្ខាកាមទាំងអស់ អញ្ជើញពីមន្ទីរពេទ្យកាល់ម៉ែត៥៦នាក់ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ១១នាក់ និងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន-ព្រះកុសុមៈ ១២នាក់ ព្រមទាំងមន្ទីរពេទ្យ នៃខេត្តព្រះសីហនុ ០៣នាក់ ខេត្តកោះកុង ០២នាក់ និងសៀមរាប ០៦នាក់។ ក្នុងចំណោមនោះមាន សិក្ខាកាមចំនួន២០នាក់ បានទៅបំពេញកម្មសិក្សា នៅផ្នែកប្រពោធនកម្មនៅមន្ទីរពេទ្យ តាន់ តុកសេង។
បើតាមលោក ឈាង រ៉ា តាមរយៈការបណ្តុះបណ្តាល TITAN នេះ គ្រូពេទ្យ និងគិលានុបដ្ឋាក ផ្នែកប្រពោធនកម្ម ពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងសិក្ខាកាមមកពីមន្ទីរពេទ្យខេត្តខាងលើ បានទទួលនូវការណែនាំ អនុវត្តន៍ និងបទពិសោធន៍ថ្មីៗ ក្នុងការដាក់ដំណើរការក្នុងផ្នែក និងការអនុវត្តន៍ផ្នែកបច្ចេកទេសថែទាំ ក៏ដូចជាផ្នែកទំនាក់ទំនង ជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ។
ក្រោយការបណ្តុះបណ្តាល សិក្ខាកាមបានរៀបចំគម្រោងជាច្រើនក្នុងគោលដៅពង្រឹង និងលើកកម្ពស់ការងារព្យាបាល ថែទាំអ្នកជំងឺ ហើយគម្រោងជាច្រើនទៀត កំពុងបន្តអនុវត្ត។ លោកសូមអរគុណដល់សហភាតរៈគ្រប់ៗគ្នាទាំងខាងមន្ទីរពេទ្យថ្នាក់ជាតិ ខាងគណកម្មការរៀបចំ ក្រុមគ្រូពេទ្យ និងគ្រូបង្ហាត់ នៃមន្ទីរពេទ្យតាន់តុកសេង និងមូលនិធិតេម៉ាសែក ដែលបានរៀបចំ និងឧបត្ថម្ភកម្មវិធីបណ្តុះបណ្តាល TITAN នេះ៕