(ភ្នំពេញ)៖ បញ្ហាពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិត ការបង្កើនឱកាសការងារ ការបង្កើនខ្សែសង្វាក់ផលិតកម្ម និងសេវាកម្ម ព្រមទាំងទាក់ទាញដល់ការវិនិយោគ គឺជាចំណុចសំខាន់ៗ ក្នុងការពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្ម ក្នុងច្បាប់ស្តីពីការងារ។
តំណាងកម្មករនិយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញរបស់អង្គការអន្តរជាតិខាងការងារ (ILO) សរុប៨៥រូប បានមកជួបជុំគ្នាពិនិត្យ និងពិភាក្សា ផ្តល់យោបល់ជាធាតុ ចូលប្រកបដោយគុណប្រយោជន៍ លើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ដែលមានអាយុជាង២ទសវត្ស ឱ្យបន្តឆ្លើយតបនឹងការវិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រទេស។
នាឱកាសថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្របតាមវិធានការកែទម្រង់មុតស្រួច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារបានបង្កើតក្រុមការងារសិក្សាលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងសង្គម។
បន្ទាប់ពីបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់ និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ក្រសួងបានសហការជាមួយអ្នកជំនាញរបស់អង្គការ ILO រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី១ ដើម្បីពិភាក្សាអំពីលទ្ធភាពលើ៖
១៖ ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី១វេនជាប្រចាំ។ ដូចបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងស្តីពី សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ របស់ក្រសួង ការកែសម្រួលនេះមានគោលបំណង បង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងការកែច្នៃម្ហូបអាហារជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋទៅតាមជម្រើស និងតម្រូវការជាក់ស្តែងរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ដែរថា រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី១វេនម្តងម្កាល គឺត្រូវបន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមាន។
២៖ ការលុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដូចដែលអនុវត្តចំពោះមន្ត្រីរាជការសាធារណៈទូទៅ និងការអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។ ការកែសម្រួលនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទំាងក្នុងតំបន់ និងសកលលោក។ ក្រសួងនឹងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងធានាថាផលប្រយោជន៍ របស់កម្មករនិយោជិតគ្រប់រូប មិនត្រូវបានកាត់បន្ថយ។
៣៖ ការពង្រីកវិសាលភាពសេវាកម្ម របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារបុគ្គល ដូចការដោះស្រាយវិវាទការងាររួមដែរ ដោយមូលហេតុថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលទទួលបានការទុកចិត្តពីគ្រប់ភាគី។ ចំណុចនេះត្រូវបានលើកយក មកធ្វើការសិក្សាលម្អិត បន្ទាប់ពីការវិភាគលើទិន្នន័យនៃការដោះស្រាយវិវាទការងារ ដែលក្នុងនោះចំនួននៃវិវាទការងារបុគ្គលមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្អែកលើលក្ខណៈពិសេសនៃវិវាទការងារ ភាគច្រើននៃវិវាទការងារបុគ្គលតែងតែត្រូវបានបញ្ចប់ ដោយភាគីមិនប្តឹងទៅតុលាការមានសមត្ថកិច្ចនោះទេ បើទោះបីជាករណីមិនសះជាក៏ដោយ។
ក្នុងន័យនេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការបើកឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយទាំងវិវាទការងារបុគ្គល គឺជាដំណោះស្រាយដ៏ប្រសើរ។
ចំណុចទាំង៣ខាងលើនេះ គឺជាចំណុចអាទិភាពដែលក្រុមការងារបានសិក្សា និងរៀបចំដាក់ជូនអង្គសិក្ខាសាលាពិនិត្យ និងពិភាក្សារួមគ្នា ដើម្បីទទួលបានការឯកភាពគ្នាក្នុងការដាក់ចេញនូវដំណោះស្រាយកាន់តែល្អប្រសើរ ក្នុងការលើកកម្ពស់សិទ្ធិការងារ និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ភាគីពិភាក្សាឱ្យបានផុសផុលប្រកបដោយវិជ្ជាជីវៈក្នុងស្មារតីទទួលខុសត្រូវរួម ដើម្បីធានាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ទន្ទឹមគ្នានេះដែរ ក្រសួងការងារបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការជាមួយដៃគូសង្គមនិងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕