(ភ្នំពេញ)៖ សវនាការសំណុំរឿងលោក កឹម សុខា បានចាប់ផ្តើមបើកនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។ ចំណែកមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយលោក គី តិច។
* សវនាការលើកទី១ (ពេលព្រឹកថ្ងៃទី១៥ ខែមករា)
ក្រោយបញ្ចប់សវនាការលើកទី១ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយអះអាងថា ក្នុងសវនាការពេលព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោកអំពីរបៀបនៃការផ្លាស់ប្ដូររបប គឺជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ។
លោក គី តិច បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចចាក់ ភ័ស្ដុតាងដែលជាវីដេអូឃ្លឹបសំខាន់ដែលមានប្រសាសន៍របស់ លោក កឹម សុខា ពេលនោះលោក កឹម សុខា បានសម្រេចនៅចំពោះមុខក្រុមប្រឹក្សា នៅក្នុងសវនាការ គឺលោកទទួលស្គាល់សំឡេងរូបរបស់លោកនៅក្នុងឃ្លឹប ដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើល គឺលោកទទួលស្គាល់សំឡេង រូបរបស់គាត់ពិតប្រាកដមែន»។
បន្ថែមពីនេះមេធាវី គី តិច បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការទទួលស្គាល់របស់លោក កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបនេះនៅក្នុងអង្គសវនាការ ហើយវីដេអូនេះជាភ័ស្ដុតាងសំខាន់ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»។ ទន្ទឹងនឹងការទទួលស្គាល់នេះ លោក កឹម សុខា បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់ទេ ពោលបានកាត់ជាកំណត់ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ។ នេះជាអ្វីដែលលោក កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់វីដេអូឃ្លឹប។ ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយអះអាងថា ជាវីដេអូឃ្លឹបទាំងស្រុងរបស់លោក។
* សវនាការលើកទី២ (ពេលរសៀល)
សវនាការជំនុំជម្រះសំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា លើកទី២ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានបញ្ចប់ដោយរលូន នៅវេលាម៉ោងជាង៥ល្ងាច។ ក្នុងអង្គសវនាការនេះ មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក គី តិច និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះ សុំដាក់អក្សរតំណាងនៃប្រទេសទាំង៩ ដែលមានជាប់ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នៅលើកំណត់ហេតុ និងសាលក្រម។
ចំពោះសំណើសុំដាក់អក្សរតំណាងប្រទេសទាំង៩នេះ ត្រូវបានក្រុមប្រឹក្សាអង្គជំនុំជម្រះ សម្រេចយល់ព្រមតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល លើសាលក្រម ប៉ុន្តែលើ «កំណត់ហេតុតុលាការ» មិនអនុញ្ញាតតាមសំណើរបស់មេធាវីនោះគឺតម្រូវឲ្យដាក់ឈ្មោះចំៗតែម្តង។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយសវនាការលើកទី២ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ លោកមេធាវី គី តិច បានបញ្ជាក់ថា សវនាការនៅរសៀលថ្ងៃនេះមានចំណុច សំខាន់មួយដែលភ្ជាប់ពីសវនាលើកទី១ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ គឺការដាក់ពាក្យស្នើសុំប្រើប្រាស់ពាក្យតំណាង ចំពោះរដ្ឋនៃបរទេសមួយចំនួន អង្គការមួយចំនួន និងឈ្មោះបុគ្គជាបរទេសដែលពាក់ព័ន្ធមួយចំនួន។
លោកមេធាវីបន្តថា នៅរសៀលនេះអង្គក្រុមប្រឹក្សាជំនុំជម្រះ បានលើកយកករណីនេះយកមកពិភាក្សា ហើយក្រោយពីការពិភាក្សា គឺភាគីមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានកត់សំគាល់ឃើញថា ការស្នើឲ្យប្រើពាក្យតំណាងនៃប្រទេសទាំងនោះ ដើម្បីជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសដែលមានពាក់ព័ន្ធឈ្មោះនៅក្នុងសំណុំរឿងជនជាប់ចោទ កឹម សុខា។
លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចសំខាន់យើងបានស្នើឲ្យអង្គសវនាការទាំងមូល គិតគូរអំពីផលប្រយោជន៍ជាតិ ព្រោះថាការទំនាក់ទំនងរវាងប្រទេស និងប្រទេស គឺដើម្បីផលប្រយោជន៍ជាតិ។ ក្រោយពីការពិភាក្សានេះ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលយកពាក្យស្នើសុំ ដោយទទួលយកការប្រើពាក្យតំណាង នៅក្នុងសាលក្រមនៃសំណុំរឿងនេះ ដោយឡែកចំពោះកំណត់ហេតុ នៅតែរក្សាពាក្យចំឈ្មោះប្រទេសតែម្ដង ដោយសារជាឯកសាររដ្ឋបាលផ្ទៃក្នុងរបស់តុលាការ»។
ប្រទេសទាំង៩ ដែលត្រូវសម្រេចឲ្យប្រើប្រាស់អក្សរតំណាងក្នុងសាលក្រម សំណុំរឿងលោក កឹម សុខា រួមមាន៖ ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។
សូមជម្រាបថា សវនាការលើសំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា ថ្ងៃដំបូង គឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះបញ្ចប់ទៅដោយភាពរលូនល្អ ខណៈបញ្ហាសន្តិសុខត្រូវបានរឹងបណ្តឹងផងដែរ។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្អែកនេះសវនាការនេះនឹងត្រូវបន្តទៀត, សូមរង់ចាំការផ្សាយជាបន្តបន្ទាប់៕