(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិ ប្រចាំឆ្នាំ ២០២០ (CIIME’20) នឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៦-២៨ ខែមិនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ពិព័រណ៍នេះរៀបចំឡើងដោយក្រុមហ៊ុនធ្វីនហោ្គត អិកស៊ីប៊ិសិន &ត្រេឌីង ដោយមានការតាំងបង្ហាញផលិតផលដូចជា៖ ឧបករណ៍, សេវាកម្ម, បច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យទូរគមនាគមន៍មក ពីបណ្តាប្រទេសជាច្រើនរួមមាន៖ ប្រទេសឥណ្ឌា ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ ថៃ សិង្ហបុរី និង ម៉ាឡេស៊ី ជាដើម។

ពិព័រណ៍នេះទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ពិរព័រណ៍ CIIME’20 ផ្ដោតសំខាន់លើការយល់ដឹង ពាក់ព័ន្ធវិស័យបច្ចេកវិទ្យា និងនាំយកបច្ចេកវិទ្យាព័ត៌មាន ចូលឱ្យកាន់តែជិតស្និទ្ធ ជាមួយអ្នកប្រើប្រាស់ និងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ផលិតផល និងសេវាកម្មដែលនឹងដាក់តាំងបង្ហាញរួមមានប្រព័ន្ធបច្ចេកវិទ្យា (ICT) គ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ហ្គេម បរិក្ខារកុំព្យូទ័រ គ្រឿងអេឡិចត្រូនិកសម្រាប់ទំនាក់ទំនង ទូរស័ព្ទ និងបរិក្ខារបច្ចេវិទ្យាផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះពិព័រណ៍បច្ចេកវិទ្យាព័ត៌មានធំបំផុតប្រចាំឆ្នាំ២០២០ ជាកន្លែងប្រមូលផ្ដុំដោយអ្នកផ្គត់ផ្គង់សេវាបច្ចេកវិទ្យា អ្នកសមាហរណកម្ម និងអ្នកប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់មុខជំនួញ និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដែលកំពុងរីកដុះដាលជារៀងរាល់ថ្ងៃ។

ពិព័រណ៍ CIIME’20 នឹងក្លាយជាវេទិកា សម្រាប់អ្នកចូលរួមតាំងស្ដង់ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ទៅកាន់សាធារណជនរួមមាន អ្នករៀបចំហេដ្ឋារចនាសម្ព័ន្ធ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ វិស័យរដ្ឋាភិបាល តំណាងចែកចាយ សាកលវិទ្យាល័យនានា ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធដឹកជញ្ជូន ទេសចរណ៍ ប្រព័ន្ធអេឡិចត្រូនិក វិស័យអចលនទ្រព្យ និង វិស័យឧស្សាហកម្ម ផ្សេងៗជាច្រើនទៀតផងដែរ។

ពិព័រណ៍ CIIME’20 និងមានរៀបចំកម្មវិធីជាច្រើន នៅក្នុងនោះរួមមាន កម្មវិធីសិក្ខាសាលាដែលមានវាគ្មិនមកពីខាងក្រសួង និងក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុក, វេទិការជំនួបជាមួយអ្នកជំនួញ, ការដាក់តាំងផលិតផល និងសេវាបច្ចេកវិទ្យាចុងក្រោយ និងមានជាការប្រកួតប្រជែងពីផ្នែកប្អូននិសិ្សតផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១០ ៧៩២ ២៤២/ ០៨៩ ៥៥៧ ៩៧៩ ឬតាមរយៈអ៉ីមែល htt://ciime.net
https://www.faceboom.com/CIIME19/