(ភ្នំពេញ)៖ សន្ទុះនៃការរីកធំធាត់របស់វិស័យមូលបត្រនៅកម្ពុជា នឹងជំរុញឲ្យមានការទាក់ទាញ ក្រុមហ៊ុនជាច្រើន មកចុះបញ្ជីបន្ថែមទៀត ខណៈឆ្នាំ២០២០នេះរំពឹងមានក្រុមហ៊ុនចំនួន៧ នឹងឈានជើងក្នុងទីផ្សារមូលបត្រ ក្នុងនោះក្រុមហ៊ុនចំនួន៤ នឹងចុះបញ្ជីលក់មូលបត្រកម្មសិទិ្ធ និងក្រុមហ៊ុនចំនួន៣ ចុះបញ្ជីលក់មូលបត្របំណុល។ នេះបើតាមការលើកឡើងរបស់លោក ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX)។
លោក ហុង សុខហួរ បានអះអាងថា កត្តាដែលធ្វើឲ្យវិស័យមូលបត្ររីកធំធាត់ ដោយសារតែក្នុងឆ្នាំ២០១៩កន្លងទៅវិស័យមូលបត្រ បានសម្រេចនូវកំណើនដ៏ខ្ពស់ ដោយកើនខ្ពស់រហូតដល់៨៧០.៦៥ពិន្ទុ ស្របពេលដែលមូលធននូបនីយកម្មទីផ្សារ (តម្លៃភាគហ៊ុនក្រុមហ៊ុន ចុះបញ្ជីក្នុងផ្សារមូលបត្រទាំងអស់) កើនឡើងខ្ពស់បំផុតដល់៨០២លានដុល្លារ។
លោកបានបន្ដថា ទន្ទឹមនឹងនេះទំហំនៃការជួញដូរភាគហ៊ុន បានហក់ឡើងខ្ពស់បំផុតរហូតដល់៣០លានដុល្លារ ខណៈបរិមាណជួញដូរភាគហ៊ុនមានចំនួន៩.៤៥លានហ៊ុន ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់មានក្នុងផ្សារមូលបត្រកម្ពុជា។
លោកបញ្ជាក់ថា «កត្តាទាំងនេះបញ្ជាក់ថា វិស័យមូលបត្រចាប់ផ្ដើមរីកធំធាត់ឡើងៗ ហើយជាការទាក់ទាញ ក្រុមហ៊ុនឲ្យមកចុះបញ្ជីផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ខាងមុខនេះ ជាមួយនឹងលក្ខខណ្ឌអំណោយផលជាច្រើនដូចជា កំណើនសេដ្ឋកិច្ចនៅបន្ដកើនឡើង ការផ្ដល់ការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ ការស្ទុះឡើងនៃក្រុមហ៊ុនមានបំណងចុះបញ្ជី ការឈានជើងចូលទីផ្សាររបស់ធនាគារធំៗ ក្នុងស្រុកក៏ដូចជាសញ្ញាវិជ្ជមាន នៃការចូលរួមរបស់ប្រជាជនកម្ពុជា ក្នុងការវិនិយោគ»។
ការលើកឡើងបែបនេះរបស់លោក ហុង សុខហួរ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនវិស័យនៃវិស័យមូលបត្រ នៅកម្ពុជាឆ្នាំ២០២០» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
សន្និសីទនេះរៀបចំឡើង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗ របស់ផ្សារមូលបត្រនៅក្នុងឆ្នាំ២០២០ ក៏ដូចជាចក្ខុវិស័យ និងទិសដៅយុទ្ធសាស្រ្ដ របស់ផ្សារមូលបត្រក្នុងឆ្នាំ២០២០នេះ ក្នុងគោលបំណងលើកកម្ពស់នូវការអភិវឌ្ឍន៍ ទីផ្សារប្រកបដោយចីរភាព និងវឌ្ឍនភាព និងដើម្បីជាធាតុចូលសម្រាប់វិនិយោគជាតិ និងអន្ដរជាតិ ស្ថាប័នពាក់ព័ន្ធនានាក៏ដូចជាសាធារណជនទូទៅ ប្រើប្រាស់ក្នុងគោដៅនានា៕