(កំពង់ស្ពឺ)៖ រោងចក្រវេចខ្ចប់ និងកែច្នៃផលិតផលផ្លែឈើស្រស់របស់ក្រុមហ៊ុន Hyundai Mao Legacy នៅខេត្តកំពង់ស្ពឺ ពិសេសផ្លែស្វាយ ដែលត្រៀមនាំចេញទៅប្រទេសកូរ៉េខាងត្បូង ត្រូវបានសម្ពោធដាក់ឲ្យដំណើរការហើយ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោក Park Heung-Kyeoug ឯកអគ្គរាជទូត សាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងមានមោទនភាពដែលផ្លែឈើស្រស់ៗរបស់កម្ពុជា អាចចូលរួមដាក់លក់លើទីផ្សារអន្តរជាតិ តាមរយៈសមត្ថភាពទំនិញ គុណភាពស្តង់ដារសុវត្ថិភាព ដែលទទួលស្គាល់ពីឆាតអន្តរជាតិ ផ្អែកទៅលើបម្រើតម្រូវការ ទីផ្សារពិភពលោក ហើយក៏ជាផ្នែកមួយដែលចូលរួមចំណែកលើកស្ទួយកិត្យានុភាព លើឆាតអន្តរជាតិ ដោយមានពាក្យស្លាកថា «ផលិតនៅកម្ពុជា ឬ Made in Cambodia»។
លោក ហ៊ុន ម៉ាណែត បានបន្តថា លើសពីនេះក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់សហការជាមួយដៃគូ ដែលធ្វើរាជរដ្ឋាភិបាលជំរុញ ឲ្យមានការអភិវឌ្ឍលើវិស័យកសិឧស្សាហ៍កម្ម ដើម្បីពង្រីកបង្កើន និងលើកតម្តើនជីវភាពរស់នៅប្រជាជន ឲ្យមានការរីកចម្រើនលើការដំដុះដំណាំ ផ្លែឈើស្រស់ៗ ក្នុងកម្ពុជា។
ជាពិសេសវិស័យឧស្សាហកម្ម គឺមានការកើនឡើងខ្ពស់ ដែលជាតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំងកើនឡើងលើវិស័យវិនិយោគ វិស័យឧស្សាហ៍កម្ម និងអរគុណ ដល់ការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងកសិកម្ម ដែលបានចូលរួមខិតខំជំរុញទៅក្នុងវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាល បានពង្រីកវិស័យកសិកម្ម និងជ្រុយមួយទៀត គឺកសិឧស្សាហ៍កម្ម មានអត្ថប្រយោជន៍ជាច្រើន ទាំងការបង្កើតការងារ ទាំងការធនធាននូវតម្លៃ ជាមួយផលិតផលរបស់យើង សម្រាប់ជួយដល់កសិករ។
លោក Park Heung-Kyeoug ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានលើកឡើងអំពីការរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អាចនឹងអភិវឌ្ឍន៍ជាក់ស្តែង លើវិស័យសេដ្ឋកិច្ច ក្នុងនោះក្រុមហ៊ុន Hyundai Mao Legacy Co,Ltd គឺជាក្រុមហ៊ុនដែលបានបង្កើតឡើង ដោយចុះកិច្ចព្រមព្រៀង រវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជា ដែលមានគោលដៅប្រើប្រាស់ គឺការដាក់ទុនទីផ្សារសេដ្ឋកិច្ចរបស់កូរ៉េ មកផ្សាភ្ជាប់ជាមួយទីផ្សារកម្ពុជា តំណាងឲ្យកសិផលកម្ពុជា មានបំណងនាំផលិតផលទាំងនោះចេញទៅតាមបណ្តាលប្រទេសជាច្រើន ក្នុងពិភពលោក។
ជាងនេះទៅទៀត ផ្លែឈើស្រស់ (ផ្លែស្វាយរសជាតិផ្អែមល្អ) និងអាចមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីប្រជាពលរដ្ឋកូរ៉េ ហើយក៏អាចចូលរូមចំណែក ជួយសម្រួលដល់ ជីវភាពប្រជាជនកម្ពុជាបានច្រើន។
សូមជំរាបថា បើតាមរបាយការណ៍របស់ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា កម្ពុជាអាចប្រមូលបានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា។ របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន។
តាមការគ្រោងទុក បន្ទាប់ពីអាចនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយនោះ នៅឆ្នាំ២០២០នេះ កម្ពុជាក៏នឹងចុះកិច្ចព្រមព្រៀងនាំចេញ ផ្លែស្វាយជាផ្លូវការ ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជាផងដែរ។
លោក ម៉ៅ គន្ធពិសី តំណាងក្រុមហ៊ុន Hyundai Mao Legacy Co.Ltd បានជម្រាបថា ក្រុមហ៊ុននេះ បង្កើតចេញពីការទំនាក់ទំនងការទូតពាណិជ្ជកម្មកម្ពុជា រវាងសាធារណៈរដ្ឋកូរ៉េ សម្រាប់ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ សម្រេចបានជាច្រើន ហើយទំនិញដែលកម្ពុជានាំចេញទៅកាន់សាធារណៈរដ្ឋកូរ៉េ មានដូចជា សំលៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលកសិកម្ម (ពោត ដំណាប់ស្វាយ ផ្សិត គ្រាប់សណ្តែត ដូងប្រេង គ្រាប់ស្វាយចន្ធី ម្រេច និងស្ករត្នោតផងដែរ)៕