(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល តែងតែដាស់តឿនដល់កងកម្លាំងនគរបាលនៅទូទាំងខេត្តកំពង់ចាម ត្រូវតែរួមដៃគ្នា ពង្រឹងសាមគ្គីផ្ទៃក្នុង ព្រោះថាកិច្ចការតូច ឬធំប៉ុនណាក៏ដោយ ឲ្យតែចេះសាមគ្គីគ្នា អនុវត្តទាំងអស់គ្នាប្រាកដជាទទួលបានជោគជ័យជាមិនខានឡើយ។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសចុះពិនិត្យសម្ភារ មធ្យោបាយ និងកងកម្លាំងអន្ដរាគមន៍នៅភូមិសាស្ដ្រ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងយ៉ាងដូច្នេះថា «កិច្ចការតូច ធំ លំបាកប៉ុនណាក៏ដោយឲ្យតែយើងចេះសាមគ្គីគ្នា អនុវត្តទាំងអស់គ្នា យើងប្រាកដជាទទួលបានជោគជ័យជាក់ជាមិនខាន»។
លើសពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងទាំងអស់ ត្រូវពង្រឹងការអនុវត្តតួនាទីឲ្យម៉ឺងម៉ាត់ និងត្រូវគោរពទៅតាមអ្វី ដែលថ្នាក់ដឹកនាំប្រគល់ជូនដើម្បីទទួលបានប្រសិទ្ធភាព ក្នុងន័យបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។
គួរជម្រាបថា គោលដៅឈរជើងដែលលោកឧត្តមសេនីយ៍ស្នងការ ចុះពិនិត្យនៅព្រឹកមិញនេះ ក្នុងស្រុកស្រីសន្ធរ មានបីគោលដៅ និងស្រុកកងមាស មាន២គោលដៅ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ នូវសកម្មភាពបង្កចលាចលនានា ដើម្បីធានបាននូវសុខសុវត្ថិភាព ស្ថេរភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕