(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថេល កំពុងបោះជំហានយ៉ាងលឿនក្នុងវិស័យផ្សារទំនើប ក្នុងឆ្នាំ២០២០នេះ ដោយគ្រោងពង្រីកសាខាផ្សារទំនើប ជីប ម៉ុង ចំនួនបីទីតាំង និង ជីប ម៉ុង Express ចំនួន១០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។
ការពង្រីកខ្លួនយ៉ាងលឿនរបស់ផ្សារទំនើប ជីប ម៉ុង គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទំនិញលក់រាយ ដែលកំពុងកើនឡើងខ្ពស់ ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកំពុងផ្លាស់ប្ដូរឥរិយាបថនៃការទិញទំនិញតាមផ្សារបែបប្រពៃណី មកកាន់ផ្សារទំនើបវិញ។
រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង រីថេល កំពុងប្រតិបត្តិការផ្សារទំនើបចំនួនបី រួមមានផ្សារទំនើប ជីប ម៉ុង ព្រះមុនីវង្ស ផ្សារទំនើប ជីប ម៉ុង អ៊ីដិនហ្គាដិន ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និង ជីប ម៉ុង Express ចំនួនបីទីតាំងដែរ គឺ ជីប ម៉ុង Express បឹងសាឡាង ជីប ម៉ុង Express បាក់ទូក និង ជីប ម៉ុង Express រោចក្រ ខ្មែរ ប៊ែវើរីជីស។
ស្របពេលនៃការពង្រីកខ្លួនយ៉ាងឆាប់រហ័សនៃផ្សារទំនើប និង Express ក្រុមហ៊ុន ជីប ម៉ុង រីថេល ក៏កំពុងធ្វើឲ្យប្រសើរឡើងនូវសេវាកម្មអតិថិជន បន្ថែមចំនួនមុខទំនិញ និងធានាទាំងគុណភាព និងភាពស្រស់នៃរាល់មុខទំនិញទាំងអស់ ដែលតាំងលក់ក្នុងផ្សារទំនើប ជីប ម៉ុង ក៏ដូចជា ជីប ម៉ុង Express៕