(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានសាខាស្តីទី បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ខេត្ត អាជ្ញាធរមូលដ្ឋាន បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តែរកមិនឃើញ ផលិតផលណាមួយខូចគុណភាព និងមានសារធាតុគីមីហាមឃាត់នោះឡើយ។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យទំនិញ នៅផ្សារលើនេះ មន្ត្រីជំនាញកាំកុងត្រូល បានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក ឈាមជ្រូក ស្ករត្នោត ជ្រក់ត្រសក់ និងសណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមី ហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា នៅក្នុងឱកាសចុះពិនិត្យរកទំនិញ ខូចគុណភាពខាងលើ ជាលទ្ធផល មន្ត្រីជំនាញ ពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាម ឃាត់នៅលើម្ហូបអាហារ ក៏ដូចជាទំនិញហួសកាលបរិច្ឆេទនៅក្នុងផ្សារលើនេះទេ។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕