(ស្វាយរៀង)៖ ស្ត្រីពោះធំដែលមានជីវភាពក្រីក្រម្នាក់ ខណៈដើរពាក់កណ្ដាលផ្លូវក៏ឈឺពោះ ស្រែកហៅអ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់បង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះ រហូតឆ្លងទន្លេបានជោគជ័យ និងអ្នកភូមិជួយដឹកមកកាន់មណ្ឌលសុខភាពមេសរថ្ងក។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត។
យោងតាមស្ត្រីចិត្តធម៌មានឈ្មោះ ស្រី ពៅ ដែលឃើញហេតុការណ៍ និងជួយមិនខ្លាចនឿយហត់ បានឲ្យដឹងថា ស្ត្រីក្រីក្រនេះមានឈ្មោះ ហ៊ាន សាវឿន អាយុ២៩ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទក្រុងបាវិត។
មុនកើតហេតុគាត់ឃើញស្ត្រីខាងលើដើតែម្នាក់ឯងតាមផ្លូវ និងមានផ្ទៃពោះផងស្រាប់តែ មានអារការៈឈឺចុកចាប់ និងដេកដួលលើដី និងស្រែកថា ជួយផងទើបគាត់ប្រញាប់ប្រញាល់ស្រែកហៅ អ្នកភូមិក្បែនោះនាំគ្នា ជួយលើកយកមកដាក់ផ្ទះអ្នកភូមិរហូតឆ្លងទន្លេទទួលបានជោគជ័យទាំងម្ដាយ និងកូន។
លោកស្រីបន្តថា ក្រោយសម្រាលរួច គាត់ និងអ្នកភូមិក៏បានដឹកមកសម្រាកនៅមណ្ឌលសុខភាពមេសថ្ងក ខណៈស្ត្រីកំសត់នេះមិនមានប្រាក់កាសជាប់ខ្លួនមួយរៀលទេ និងសុំឲ្យសប្បុរសជន មេត្តាជួយឧបត្ថម្ភជាថវិកាបន្តិចបន្តួច និងទិញជារបស់ប្រើប្រាស់ក៏បានព្រោះគាត់គ្មានអ្វីជាប់ខ្លួនអ្វីនោះទេ។
សូមបញ្ជាក់ថា ឈ្មោះ ហ៊ាន សាវឿន អាយុ២៩ឆ្នាំ ដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងមានកូនចំនួន ៤នាក់ ស្រី១នាក់ ប្រុស៣នាក់ ក្នុងបន្ទុកស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត។
ដោយឡែក នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត បាននាំយកថវិកាលោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបាវិត និងជាអភិបាលក្រុងបាវិត រួមជាមួយស្បៀង សម្ភារ និងថវិកាអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុង ចុះសួរសុខទុក្ខ និងផ្តល់ជូនស្រ្តីសម្រាលកូន ១គ្រួសារ ឈ្មោះ ហ៊ាន សាវឿន អាយុ២៩ឆ្នាំ ដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងមានកូនចំនួន៤នាក់ ស្រី១នាក់ ប្រុស៣នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត។
សម្ភារផ្តល់ជូនរួមមាន៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ថវិកា ២០០.០០០រៀល និងលោក ឯក រិទ្ធី ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុថវិកា ៥០.០០០រៀល ព្រមទាំងលោកស្រី ជួន សុវណ្ណារី ប្រធានការិយាល័យកិច្ចការនារីក្រុង ថវិកា ៥០.០០០រៀល។ អនុសាខាកាកបាទក្រហមក្រុង ថវិកា ៥០.០០០រៀល អង្ករ៥០kg មី១កេស ទឹកត្រី១យូរ ទឹកស៊ីអ៉ីវ១យូរ មុង១ ភួយ១ កន្លេលជ័រ១ ខ្នើយ១ កំសៀវទឹក១ បំពង់ទឹកក្តៅ១ ចង្កានហ្គាស១ ចាន ឆ្នាំងបាយ សម្ល កាធុនញ៉ូម១ ជ័រ១ និងសម្ភារ:មួយចំនួនទៀត ផងដែរ៕