(ក្រចេះ)៖ រថយន្ដខ្នាតយក្សដឹកខ្សាច់នៅតែបន្ដលួចធ្វើចរាចរណ៍លើផ្លូវខេត្តលេខ៣៧៧ ដែលផ្គើនសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដែលបានជូនដំណឹងមិនឲ្យរថយន្តធុនធំធ្វើ ចរាចរណ៍លើផ្លូវមួយខ្សែនេះ ចាប់ពីរង្វង់មូលព្រាបស ដល់ទីរួមស្រុកសំបូរ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គេប្រទះឃើញរថយន្ដខ្នាតយក្ស (រថយន្ដយីឌុប) ចូលដឹកខ្សាច់ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ យ៉ាងរំភើយ ផ្គើនសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តក្រចេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឲ្យបិទចរាចរណ៍រថយន្ដធុនធំគ្រប់ប្រភេទ កំពស់ចាប់ពី ២,៥ម ធ្វើដំណើឆ្លងកាត់ផ្លូវខេត្តលេខ៣៧៧ ចាប់ពីរង្វង់មូលព្រាប ដល់ទីរួមស្រុកសំបូខេត្តក្រចេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ល្ងាច តែងតែមានរថយន្ដធុនធំចូលដឹកខ្សាច់ចេញពីទីតាំងបូមខ្សាច់របស់លោក រី នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ដឹកឆ្លងកាត់ភូមិទួលមនោរម្យ បន្តទៅស្រុកស្នួល បានយ៉ាងរលូន ដោយមិនមានការហាមឃាត់ពីមន្រ្តីមន្ទីរជំនាញឡើយ។
ប្រជាពលរដ្ឋរស់នៅភូមិទួលមនោរម្យ បានលើកឡើងថា នៅពេលរថយន្ដធុនធំដឹកខ្សាច់ ឆ្លងកាត់ភូមិគាត់ម្ដងៗហុយខ្លាំងណាស់ ហុយចូលផ្ទះពួកគាត់ជូតមិនឈ្នោះនោះទេ ថែមប៉ះពាល់ដល់សុខភាពទៀតផង ថែមទាំងបណ្ដាលឲ្យខូចខាត់ផ្លូវលំមួយខ្សែនេះថែមទៀត។
ពួកគាត់ស្នើសុំឲ្យមន្ទីរជំនាញ មានវិធានការបង្រ្កាប រថយន្ដធុនធំដឹកខ្សាច់ឆ្លងកាត់ភូមិរបស់គាត់ផង បើបណ្ដោយឲ្យដឹកខ្សាច់ឆ្លងកាត់បន្តទៀតខូចផ្លូវលំមួយខ្សែនេះអស់ហើយ ថែមទាំងហុយខ្លាំងបណ្ដាលឲ្យប៉ះពាល់សុខភាពថែមទៀតផង៕