(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់នៅក្នុងផ្សារក្រោលគោ ស្រុកស្វាយជ្រំខេត្ត ខេត្តស្វាយរៀង ដោយរកឃើញគីមីបូរ៉ាក់ចំនួន ១៥គីឡូក្រាម ដាក់ក្នុងលតអង្ករ និងគុយទាវកាត់។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញយើង បានពិនិត្យគ្រឿង ឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២០គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ នៅក្នុងលតអង្ក ចំនួន១០គីឡូក្រាម មានសារធាតុគីមី (Borax) និងគុយទាវកាត់ ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងប៊ឺរ ចំនួន ១០កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាយយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕