(រតនគិរី)៖ បើគ្មានការប្រែប្រួលទេដីមាត់បឹងកន្សែង ១កន្លែង ខាងក្រោយជាប់បន្ទាយអាវុធហត្ថខេត្តរតនគិរី ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ជាកម្មសិទ្ធក្រុមហ៊ុន លី ហុង (Li Hong Group) នឹងសង់ចេញជាផ្ទះល្វែង និងវីឡាកូនកាត់ ដើម្បីដាក់លក់ពេលខាងមុខនេះ ខណៈប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងបាលុង ឆ្ងល់ថា ទីតាំងខាងលើជាតំបន់ទេសចរណ៍ និងជាទីកន្លែងសម្រាប់ពួកគាត់ហាត់ប្រាណដ៏ទាក់ទាញ បែរជាក្លាយទៅកន្លែងសាងសង់ផ្ទះទៅវិញ។
ប្រជាពលដ្ឋម្នាក់ «សូមមិនបញ្ចេញឈ្មោះ» មានទីលំនៅនៅក្រុងបានលុង គាត់ឧស្សាហ៍ទៅហាត់ប្រាណតាមមាត់បឹងកន្សែង ប្រាប់ឱ្យដឹងថា គាត់មានការភ្ញាក់ផ្អើល ដោយឃើញក្រុមហ៊ុនខាងលើព័ទ្ធរបងសាងសង់សំណង់រឹងមាំលក់ ក្នុងតម្លៃថ្លៃទៀតផង ដែលអតិថិជនពួកគេសុទ្ធតែអ្នកធំ និងមានក្នុងខេត្ត ដោយកន្លងមកគាត់គិតថា មិនមានសំណង់បែបនេះ កើតឡើងទេពោល គឺដីរដ្ឋព្រោះទីតាំងនេះស្ថិតនៅជាប់មាត់ផ្លូវ និងមាត់បឹងកន្សែងពេក (តំបន់ទេសចរណ៍)។
ពាក់ព័ន្ធនឹងចំណុចនេះដែរលោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យភូមិបាល និងសំណង់ក្រុងបានលុង បានប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះថា៖ «សំណង់ខាងលើមានច្បាប់ត្រឹមត្រូវ ដោយគាត់ថា តើប្រជាពលរដ្ឋមួយណាជាអ្នកសួរនាំនោះ បើគេមានដី គឺគេសង់ហើយកុំតែទើសពេក ថាបើចេះតែទើសពេក, ខុសនេះ, ខុសនោះអញ្ចឹងទៅវ៉ៃផ្ទះអ៊ំ ប៊ូ ថង ចោលទៅ ព្រោះនៅជាប់មាត់បឹងកន្សែងដែរ»។
ទាក់ទិនទៅនឹងការដ្ឋានសាងសង់ផ្ទះល្វែង និងវីឡាកូនកាត់លក់នៅពេលខាងមុខនេះដែរ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា រូបគាត់មានការបារម្ភខ្លាំង ដោយសារខ្លាចការបុកគ្រឹះវាប៉ះពាល់រង្គើដល់អគារអាវុធហត្ថដែលនៅជាប់គ្នាពេក។
លោកថា គាត់នឹងហៅខាងក្រុមហ៊ុនសាងសង់ផ្ទះល្វែង និងវីឡាកូនកាត់លក់មកពិភាក្សាគ្នាខ្លាចក្រែងមានបញ្ហាកើតឡើងជាយថាហេតុផងដែរ៕