(ព្រុយណេ)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៣ នៅទីក្រុងបានដារ សេរី បេហ្កាវ៉ាន់ (Bandar Seri Begawan) ប្រទេសព្រុយណេ ដារូស្សាឡាម បានចាប់ផ្តើមប្រព្រឹត្តិ ទៅក្រោមអធិបតីភាពរបស់ លោក ដាតូ អាលី អាប៉ុង (Dato Ali Apong) រដ្ឋមន្រ្តីក្រសួងធនធានចម្បង និងទេសចរណ៍ជាប្រធាន និងលោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជាជាអនុប្រធាន។ ថ្លែងទៅកាន់អង្គប្រជុំ លោក រដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណដល់ប្រទេសព្រុយណេជាប្រធានអង្គប្រជុំ ដែលបានរៀបចំកិច្ចប្រជុំខាងលើឡើង ស្របពេលនឹងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ និងព្រិត្តិការណ៍ ទេសចរណ៍ផ្សេងៗទៀតជាច្រើន។
លោក ថោង ខុន បានអបអរសាទរដល់សមិទ្ធិផលទាំងឡាយដែលប្រទេសសមាជិកអាស៊ានសម្រេចបាន តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦ - ២០២៥ ព្រមទាំងបានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២១ (ASEAN Tourism Forum 2021) ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ (ASEAN : Community of Peace and Shared Future )។
លោករដ្ឋមន្ត្រីក៏បានលើកផងដែរថា វិស័យទេសចរណ៍កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចូលរួមដល់ការភិរក្ស និងការពារសម្បត្តិវប្បធម៌ និងធម្មជាតិ ការបង្កើតការងារ ការបង្កើតថ្មី នាវានុវត្តន៍ ជាពិសេសចូលរួមដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាតិទាំង១៧ (SDGs) ។ ទន្ទឹមនឹងនោះផងដែរ វិស័យទេសចរណ៍ជាកាតាលីករជុំរុញការយោគយល់គ្នារវាងមនុស្សជាតិ ការផ្លាស់ប្ដូរវប្បធម៍ វិបុលភាព និងជំរុញសន្តិភាពសម្រាប់មនុស្សជាតិ។ លោករដ្ឋមន្ត្រី ក៍បានលើកផងដែរថា ស្របនឹងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នាចុងឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ វិស័យទេសចរណ៍អាស៊ាននឹងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត ដល់កាប្រើបា្រស់ប្រព័ន្ធឌីជីថលក្នុងវិស័យទេសចរណ៍។
សូមរំលឹកផងដែរថា ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៣នេះ នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូកបីលើកទី១៩ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឥណ្ឌាលើក៨ កិច្ចប្រជុំមជ្ឍមណ្ឌលអាស៊ានចិន ជប៉ុន កូរ៉េ កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំទ្វេភាគីផ្សេងៗទៀត៕