(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាទៅលោក កែវ រ៉េមី និងនាយឧត្តមសេនីយ៍ សៅ សុខា ស៊ើបអង្កេតលើករណីមនុស្សស្លាប់ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានអះអាងថា ស្លាប់ដោយសាររងការធ្វើទារុណកម្ម។
ការបញ្ជាបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាលើកទី៤ ជាមួយអ្នកសារព័ត៌មាន សរុបជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី និងបញ្ជាទៅ នាយឧត្ដមសេនីយ៍ សៅ សុខា ឲ្យចាត់តាំងគណៈកម្មការស្រាវជ្រាវបន្ទាន់ លើបញ្ហាថា មានមនុស្សស្លាប់ នៅឯខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម ប្រសិនបើយ៉ាងដូច្នេះមែន អ្នកដែលធ្វើឲ្យគេរបួសស្នាម រហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្ដទ្ទាទោសឲ្យខាតតែបាន ដោយមិនមានការអត់អោនទេ»។
ភ្លាមៗក្រោយពីការបញ្ជារបស់នាយករដ្ឋមន្ដ្រី, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចបង្កើត គណៈកម្មការចំពោះកិច្ចមួយ ដើម្បីធ្វើអធិការកិច្ចនូវបាតុភាព ដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
គណៈកម្មការនេះ មានភារកិច្ចត្រួតពិនិត្យសកម្មភាពការងារ របស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទីភារកិច្ច។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយពន្យល់ករណីការស្លាប់របស់ពលរដ្ឋម្នាក់ ឈ្មោះ ទុយ ស្រស់ ដែលបានស្លាប់ក្រោយពីមានការឃាត់ខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លីរួមបញ្ជូនតុលាការ ហើយតុលាការបង្គាប់ឲ្យឃុំខ្លួន។
ការចេញមកពន្យល់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានមួយចំនួន ចោទប្រកាសថា អភិបាលខេត្តបន្ទាយមានជ័យ ជាអ្នកបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើទារុណកម្មឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់៕