(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ឱ្យអ្នកព័ត៌មានប្រើប្រាស់នូវវិជ្ជាជីវៈរបស់ខ្លួនចូលរួមកាន់តែច្រើន ក្នុងការប្រយុទ្ធនឹងភាពអសកម្ម អំពើពុករលួយ និងអយុត្តិធម៌ក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានខ្មែរប្រចាំឆ្នាំជាលើកទី៤ ប្រមាណ៦ពាន់នាក់ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណុចនេះ គឺជាចំណុចដែលអ្នកសារព័ត៌មានរបស់យើង គប្បីចូលរួមចំណែកកាន់តែច្រើនកាន់តែធំ កាន់តែស៊ីជម្រៅទៅលើការប្រយុទ្ធប្រឆាំងនឹងភាពអសកម្ម ព្រោះយើងត្រូវការនូវសង្គមមួយ ដែលស្អាតស្អំ មានតម្លាភាពហើយ យើងត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម វាជាផ្នែកមួយ នៃអស្ថិតភាពសង្គម ហើយវាក៏អាចបង្កើតទៅដល់ជម្លោះប្រដាប់អាវុធ ឬក៏ហិង្សាទៀតផង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «ដូច្នេះខ្ញុំស្នើឱ្យអ្នកសារព័ត៌មានរបស់យើង ហ៊ានបញ្ចេញដោយមិនមានការក្លែងបន្លំ បំភ្លៃការពិតនោះទេ ប៉ុន្តែត្រូវហ៊ានយកមកដាក់លើតុទាក់ទងនឹងអំពើអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងអយុត្តិធម៌នានា យើងអត់ខ្លាចទៅលើបញ្ហានេះទេ»៕