(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទោះបីជាលោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់សម្តេច មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែក៏ត្រូវរង់ចាំពេលវេលារហូតដល់ឆ្នាំ២០២៨, ២០២៩ ឬរហូតដល់ឆ្នាំ២០៣០ ហើយនឹងត្រូវឆ្លងកាត់ការបោះឆ្នោតដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយញុះញង់ថា សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំឱ្យកូនរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត បន្តតំណែងនាយករដ្ឋមន្រ្តី ឆាប់ៗនេះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានសរុបជិត៦ពាន់នាក់ នៅកោះពេជ្រ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន «ខ្ញុំត្រូវការពេលវេលា១០ឆ្នាំទៀត ដើម្បីកាន់តំណែងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ហ៊ុន ម៉ាណែត បើសិនជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គេក៏ត្រូវរង់ចាំរហូតដល់ក្រោយឆ្នាំ២០២៨ ឬ២០២៩ ឬរហូតដល់ឆ្នាំ២០៣០ ទើបអាចប្រឡូកនៅក្នុងតួនាទីជានាយករដ្ឋមន្រ្តីបាន»។
ត្រង់ចំណុចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចោទសួរថា បើឪពុកកំពុងតែធ្វើជានាយករដ្ឋមន្រ្តីទៅហើយ តើកូនមានលទ្ធភាពឯណាដែលមកដណ្តើមអំណាចពីឪពុក?
សម្តេចបានបន្តថា ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេសដែលផ្ទេរអំណាចពីឪពុកទៅកូនតាមរបៀបមួយដូចជានៅប្រទេសខ្លះ គឺត្រូវឆ្លងកាត់ការបោះឆ្នោត។
សម្តេចបានបញ្ជាក់ថា «បើទោះបីជាឪពុកចាកចេញនៅពេលនេះ ក៏មិនទាន់ដល់វេនកូន មកកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងពេលដែលមេដឹកនាំប្រទេស ដែលជាសហការីរបស់ខ្ញុំនៅពេលនេះ កំពុងតែស្ថិតនៅទីនោះដែរ»។
បើតាមសម្តេចតេជោ, លោក ហ៊ុន ម៉ាណែត គឺនៅក្មេងខ្ចីនៅឡើយបើប្រៀបទៅនឹងសហការីរបស់សម្តេច។ សម្តេចបញ្ជាក់ថា៖ «ដូច្នេះប្រាកដណាស់ថា យើងត្រូវគិតគូរអំពីរបៀប ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់យើង ដូច្នេះសូមអ្នកធ្វើអត្ថាធិប្បាយ អ្នកវិភាគទាំងឡាយ ផ្តល់នូវសុភវិនិច្ឆ័យ ហើយកុំទាញបញ្ហានេះ ឱ្យក្លាយទៅជារឿងផ្សេង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីបំណងរបស់ជនទុច្ចរិត ដែលមានបំណងបង្កាច់បង្ខូច កេរ្តិ៍ឈ្មោះរបស់ លោក ហ៊ុន ម៉ាណែត រហូតដល់ហ៊ានប្រមាថថា ជាកូនរបស់មេដឹកនាំវៀតណាម។ សម្តេចបានប្រកាសថា សម្តេចនឹងមិនអត់ឱនឱ្យអ្នកប្រមាថដល់ភរិយា និងកូនរបស់សម្តេចជាដាច់ខាត។
«ហ៊ុន ម៉ាណែត បើទោះបីជាមានលទ្ធភាព ក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែរ។ សូម្បីតែក្នុងជួរដ្ឋាភិបាល ខ្ញុំមិនឱ្យគេនៅក្នុងជួរដ្ឋាភិបាលផង សមត្ថភាពរបស់គេអាចធ្វើរដ្ឋមន្រ្តី ឬរដ្ឋលេខាធិការបាន ប៉ុន្តែខ្ញុំទុកគេនៅខាងក្រៅ»។ សម្តេចគូសបញ្ជាកបន្ថែម។
សម្តេចគូសបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំបានដឹងហើយថា សំណួរមានកាន់តែច្រើនឡើងៗថា តើក្រោយហ៊ុន សែន គឺជានរណា? នេះមិនមែនជាសំណួរតូចតាច ហើយវាត្រូវរកចម្លើយជាក់លាក់នៅពេលក្រោយ មិនមែនពេលនេះទេ ពេលនេះក្រោយ ហ៊ុន សែន គឺហ៊ុន សែន តែម្តង»៕