(ភ្នំពេញ)៖ ក្នុងជំនួបលើកទី៤ ជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីជាការជួបគ្នារវាងសម្ដេច ជាមួយអ្នកសារព័ត៌មាន។
ក្នុងពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់អ្នកព័ត៌មានមកពីគ្រប់និន្នាការ ដែលបានចូលរួមពិសាអាហារសាមគ្គី ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ហើយយើងនឹងធ្វើពិធីប្រចាំឆ្នាំ ដែលយើងគួរកំណត់តែម្ដង។ ឥលូវខ្ញុំសូមប្រកាសកំណត់យកថ្ងៃទី១៤ ខែមករារៀងរាល់ឆ្នាំ គឺជាជំនួបរវាងនាយករដ្ឋមន្ដ្រី និងអ្នកសារព័ត៌មានកម្ពុជា»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ទៀតថា ក្នុងឱកាសជំនួបលើកក្រោយៗទៀត នឹងពិនិត្យមើលវឌ្ឍនៈភាព នៃការរីកចម្រើនរបស់វិស័យសារព័ត៌មាននៅកម្ពុជា។ សម្ដេចក៏បានណែនាំឲ្យសមាគមនីមួយៗ ត្រូវរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ឲ្យបានមុនជំនួបមកដល់។
គួរជម្រាបថា ក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះ សម្តេចតេជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងារ របស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលំអរឲ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព បន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍន៍សង្គមកម្ពុជា។
វិស័យព័ត៌មានត្រូវបានគេចាត់ទុកជាវិស័យមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង ស្ថាបនាសង្គមកម្ពុជាតាមគន្លង នៃប្រជាធិបតេយ្យ ចូលរួមកែលំអរសង្គម លុបបំបាត់អំពើពុករលួយ និងភាពអសកម្មទាំងឡាយ។ ព័ត៌មានក៏បានក្លាយជាអ្នកនាំសារ និងជាស្ពានចម្លងដ៏ពិសិដ្ឋមួយរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។ ក្រៅពីនោះ ព័ត៌មាន ក៏បានបានដើរតួដ៏សំខាន់ក្នុងការបង្ហាញមុខមាត់កម្ពុជាទៅកាន់លើឆាកអន្តរជាតិ៕