(ព្រុយនេ)៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឆ្លៀតឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២០ នៅប្រទេសព្រុយនេ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដោយបានពិភាក្សាជំរុញការងារបន្ថែមទៀតស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ រួមមាន៖
១៖ ជំរុញទេសចរណ៍បើកបរខ្លួនឯង (Self-driving Tour) រវាងប្រទេសទាំងពីរ ដោយធ្វើការសម្រួលបែបបទផ្សេងៗ ឲ្យមានភាពងាយស្រួលដល់អ្នកដំណើរនៅពេលបើកបរឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។
២៖ ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់ពីប្រទេសឡាវមកតំបន់ឆ្នេរសមុទ្រកម្ពុជា។
៣៖ ចែករំលែកបទពិសោធន៍ និងអភិវឌ្ឍន៍រួមគ្នាលើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងក្របខណ្ឌនៃតំបន់តី្រកោណអភិវឌ្ឍន៍។
៤៖ ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា៖ កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS កិច្ចសហប្រតិបត្តិការ CLMV កិច្ចសហប្រតិបត្តិការ CLV។
ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពជាបងប្អូន ដែលធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកពីអតីតកាល។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញឲ្យមានការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយភាគីឡាវបានទទួលយកការអញ្ជើញរបស់ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា មកទស្សនកិច្ចនៅកម្ពុជានាពិធីបុណ្យសមុទ្រលើកទី៩ ចុងឆ្នាំ២០២០ នៅកម្ពុជា។
សូមរំលឹកថា តាមស្ថិតិជាបឋម ឆ្នាំ២០១៩ កម្ពុជាបានទទួលស្វាគមន៍ទេសចរបរទេសសរុបប្រមាណ ៦.៧លាននាក់ កើនឡើងប្រមាណ ៨% ក្នុងនោះរយៈពេល ១០ខែ ទេសចរឡាវមានចំនួន ២៦៤,២៤៣នាក់ ឈរនៅលំដាប់ទី៤ នៃទីផ្សារធំៗ ទាំង១០៕