រកឃើញទំនិញហួសកាលបរិច្ឆេទជាង៨០គីឡូក្រាម ដាក់តាំងលក់តាមផ្ទះលក់ទំនិញ នៅផ្សារអូរយ៉ាដាវ និងផ្សារបរកែវ ខេត្តរតនគិរី
14-01-2020 14:23
(រតនគិរី)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារអូរយ៉ាដាវ និងផ្សារបរកែវ ក្នុងខេត្តរតនគិរី។
មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានធ្វើតេស្តលើម្ហូបអាហារ និងគ្រឿងសមុទ្រមួយចំនួន ហើយជាលទ្ធផល គឺមិនបានរកឃើញនូវសារធាតុគីមីហាមឃាត់នោះទេ។ ទន្ទឹមនឹងនោះដែរ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើកំណត់ហេតុ ដកហូតទំនិញហួសកាលបរិច្ឆេត ប្រើប្រាស់បានចំនួន៨០.៨៣គីឡូក្រាម។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕