(ត្បូងឃ្មុំ)៖ ក្រុមអាជីវករពិឃាតសត្វជ្រូក-គោប្រមាណជាង៧០នាក់ នៅក្រុងសួង ខេត្តត្បូងឃ្មុំ មានការជំទាស់ចំពោះមន្ត្រីពន្ធដារនៅខេត្តត្បូងឃ្មុំ ដែលបន្តយកពន្ធលើសត្តឃាត ខណៈរាជរដ្ឋាភិបាលបានលុបចោល ការយកពន្ធលើសត្តឃាត តាំងពីខែកក្កដា ឆ្នាំ២០១៧មកម្ល៉េះ។
តំណាងអាជីវករពិឃាតសត្វជ្រូក-គោក្រុងសួងលោក ហេង ហុងសេង បានឲ្យដឹងថា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៧ ពួកគាត់ទាំងអស់គ្នាទទួលបានលិខិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នៅគ្រប់រាជធានីខេត្ត ក្រុងទូទាំងប្រទស បញ្ឈប់ការយកពន្ធលើអាជីវកម្មសត្តយាត ធ្វើឲ្យអាជីវករទូទាំងប្រទេសអបអរសាទរ និងគាំទ្ររដ្ឋាភិបាល ដែលបានលើកលែង ការយកពន្ធសត្តឃាតនេះ។
ប៉ុន្តែបែរជាមន្ត្រីពន្ធដារ នៅតែបន្តការយកពន្ធរហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបពួកគាត់ទាំងអស់គ្នា ឈប់បង់ពន្ធតទៅទៀត ក្រោយពីបានដឹងថា នៅទូទាំងប្រទេសគ្មានការយកពន្ធលើសត្តឃាតទៀតឡើយ មានតែមន្ត្រីពន្ធដារក្រុងសួងទេ ដែលអនុវត្តផ្ទុយពីសេចក្តីសម្រេចរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ឲ្យលុបចោលការយកពន្ធលើសត្តឃាតនេះ។
ទាក់ទិនទៅនឹងករណីខាងលើនេះ ប្រធានសាខាពន្ធដារខេត្តត្បូងឃ្មុំ លោក ឈឹម វេងងន់ បានបកស្រាយថា ខាងលោកមិនបានប្រមូលពន្ធលើការពិឃាតសត្វទេ ប៉ុន្តែលោកប្រមូលពន្ធលើអាជីវកម្ម ពោលគឺបើផលរបរចាប់ពី២៥០លានរៀល ក្នុងមួយឆ្នាំបានន័យថាជាប់ពន្ធ ប្រសិនបើផលរបរក្រោម ២៥០លានរៀល នោះមិនជាប់ពន្ធទេ ដែលការប្រមូលពន្ធនេះប្ដូរពីរបបម៉ៅការ មកជារបបស្វ័យប្រកាសវិញ។
ទោះជាយ៉ាងនោះក្តី បើតាមលោក តេង ច្រាយ ម្ចាស់ភាស៊ីទីសត្តឃាតក្រុងសួង បានឲ្យដឹងថា បន្ទាប់ពីមានចំណាររបស់សម្ដេចតេជោ ហ៊ុន សែន ឯកភាពលើចំណុចលុបចោល ការយកពន្ធលើសត្តឃាត លោកបានសាកសួរទៅម្ចាស់សត្តឃាតដូចគ្នា នៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួន គឺខាងមន្ត្រីពន្ធដារ មិនបានប្រមូលពន្ធលើសត្តឃាតទៀតទេ ហើយក៏មិនមានអនុវត្តលើរបបស្វ័យប្រកាស ដូចនៅក្រុងសួងនេះដែរ។
លោក តេង ច្រាយ បានបន្តថា បើតាមដែលលោកធ្លាប់ចូលរួមសិក្ខាសាលាទាក់ទិន ទៅនឹងរាជរដ្ឋាភិបាល សម្រេចលុបចោលការយកពន្ធលើសត្តឃាត គឺមានបំណងសម្រាល ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការចំណាយថវិកាច្រើនទិញសាច់ យកទៅធ្វើជាម្ហូបអាហារ ហើយក៏ជាយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។
ម្ចាស់ភាស៊ីទីសត្តឃាត ក្រុងសួងបានបញ្ជាក់ទៀត សូម្បីតែនៅក្នុងខេត្តត្បូងឃ្មុំដូចគ្នា ទីផ្សារមួយចំនួនដូចជា ផ្សារអូរាំងឪផ្សារក្រែក ផ្សារមេមត់ជាដើម មិនមានមន្ត្រីពន្ធ ដារយកពន្ធលើសត្តឃាត ឬក៏ពន្ធស្វ័យប្រកាសនោះទេ ពោលមានតែក្រុមអាជីវករពិឃាតសត្វនៅក្រុងសួងប៉ុណ្ណោះ ដែលជួបនូវបញ្ហាដូចខាងលើនេះ។
លោក ហេង ហុងសេង តំណាងឲ្យក្រុមអាជីវករពិឃាតសត្វ៧៥នាក់ សំណូមពរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជួយណែនាំ និងធ្វើការបកស្រាយឲ្យបានច្បាស់ផង ទាក់ទិនទៅនឹងចំណារឯកភាព របស់សម្ដេចតេជោ ហ៊ុន សែន លើចំណុច «ការលុបចោលឈប់យកពន្ធលើសត្តឃាត» តើមានន័យដូចម្តេចខ្លះ? ដើម្បីឲ្យក្រុមអាជីវករពិឃាតសត្វអនុវត្តតាម។ ម្យ៉ាងទៀតហេតុអ្វីការប្រមូលពន្ធដូច្នេះ នៅតាមបណ្ដាខេត្តក្រុងផ្សេងទៀតអត់មាន ហើយមានតែនៅក្រុងសួង៕