(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ការបង្ខាំង ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០, នៅថ្ងៃនេះ ក្រុមជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ត្រូវបានតុលាការចេញដីកាដោះលែងឲ្យនៅក្រោឃុំ។
បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចដែលតាមចាប់ខ្លួនក្រុមជនសង្ស័យ បានបង្ហើបថា លោក សេង គឹមឡាក់ ដែលជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងបានសម្រេចឲ្យបុរសជាជនជាតិចិនទាំង ២នាក់ បានវិលទៅផ្ទះវិញនៅវេលាម៉ោងប្រមាណជិត ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ម្សិលមិញ។
ទោះជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ នៃការដោះលែងក្រុមជនសង្ស័យទេ ដោយគ្រាន់តែលើកឡើងថា អាចមកពីតំណាងអយ្យការរកកំហុសរបស់ក្រុមជនសង្ស័យ មិនឃើញដូចអ្វីដែលនគរបាលយុត្តិធម៌ បានកសាងបញ្ជូនទៅ។
ជុំវិញករណីដោះលែងជនសង្ស័យជាជនជាតិចិន ២នាក់ ដែលពាក់ព័ន្ធសំណុំរឿងនេះ អ្នកសារព័ត៌មាន នៅពុំអាចសុំការបញ្ជាក់ពី អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង បាននៅឡើយទេ ដោយសារតែ ដោយលោកពុំទាន់ឆ្លើយសំនួរបស់អ្នកសារព័ត៌មានដែលបានផ្ញើជូននៅក្នុងគ្រុប Telegram។
បើយើងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យដែលត្រូវបាន លោកព្រះរាជអាជ្ញារងសម្រេចដោះលែងនោះ ទី១មានឈ្មោះ Hong Laing ភេទប្រុស ភេទ ៣២ឆ្នាំ ជនជាតិចិន និងទី២ឈ្មោះ Pan Xusheng ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។
គួររម្លឹកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត ខណ្ឌ៧មករា បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ពាក់ព័ន្ធករណី ផ្តើមគំនិតក្នុងអំពើបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ និងបទ សមគំនិត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារ សៅអាស៊ី វីយូ ផ្ទះលេខ ៥៣+៥៥ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕