(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានការបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នឹងផ្តល់កិត្តិយសអញ្ជើញពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជិត ៦ពាន់នាក់។ ពិធីជួបជុំអាហារសាមគ្គីជាមួយអ្នកព័ត៌មានជាលើកទី៤នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។
វិស័យព័ត៌មានត្រូវបានគេចាត់ទុកជាវិស័យមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ស្ថាបនាសង្គមកម្ពុជាតាមគន្លងនៃប្រជាធិបតេយ្យ ចូលរួមកែលំអរសង្គម លុបបំបាត់អំពើពុករលួយ និងភាពអសកម្មទាំងឡាយ។ ព័ត៌មានក៏បានក្លាយជាអ្នកនាំសារ និងជាស្ពានចម្លងដ៏ពិសិដ្ឋមួយរវាងប្រជាពលរដ្ឋ ន ិងរាជរដ្ឋាភិបាលផងដែរ។ ក្រៅពីនោះ ព័ត៌មាន ក៏បានបានដើរតួដ៏សំខាន់ក្នុងការបង្ហាញមុខមាត់កម្ពុជាទៅកាន់លើឆាកអន្តរជាតិ។
ចាប់តាំងពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ វិស័យព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ ជាមេដឹកនាំដែលចូលចិត្តសរសេរ ចូលចិត្តកត់ត្រា និងមានវោហាសព្ទខ្ពស់នៅចំពោះមុខមហាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកវិស័យព័ត៌មានជាដៃឆ្វេងស្តាំជាភ្នែកច្រមុះដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ការដឹកនាំរបស់សម្តេចឱ្យទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ក្នុងរយៈប្រមាណជា៣៥ឆ្នាំកន្លងទៅនេះ។
ដោយមើលឃើញពីការរួមចំណែកដ៏មានសារៈសំខាន់របស់អ្នកព័ត៌មាននេះហើយ ជាហេតុនាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ឱកាសចូលរួមស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មានជារៀងរាល់ដើមឆ្នាំថ្មី និងចំថ្ងៃដែលសម្តេចត្រូវបានសភាផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជា។
រយៈពេល៣ឆ្នាំកន្លងទៅក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះ សម្តេចតេជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងាររបស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលំអរឱ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍន៍សង្គមកម្ពុជា។
ដោយឡែកអ្នកព័ត៌មានវិញ ក៏មិនខុសពី៣ឆ្នាំកន្លងទៅនោះដែរ។ ពួកគេបានចាត់ទុកពេលវេលានៃការជួបអាហារសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ពួកគេ។ ក្រុមអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការពិសាអាហារសាមគ្គី គឺជាការផ្តល់កិត្តិយស និងផ្តល់តម្លៃដ៏ធំធេងសម្រាប់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
មុនការមកដល់នៃជំនួបអ្នកព័ត៌មានបានបង្ហោះសារនានា រួមទាំងបណ្ណសម្គាល់ខ្លួនចូលរួមកម្មវិធី ខណៈអ្នកខ្លះក៏ត្រៀមអាវធំរៀបចំខ្លួនយ៉ាងសមសួន ដើម្បីចូលរួមក្នុងពិធីដ៏អធិកអធមនេះ។ តាមរយៈសារ តាមរយៈការត្រៀមលក្ខណៈសម្បត្តិ និងទឹកមុខដ៏ស្រស់ស្រាយ បានបង្ហាញថា ពួកគេពិតជារីករាយដែលទទួលបានឱកាសជួបអាហារសាមគ្គីជាមួយប្រមុខរាជរដ្ឋាភិបាល។
ជំនួបនៅល្ងាចថ្ងៃទី១៤ ខែមករា ដែលជាខួប៣៥ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឱ្យអ្នកព័ត៌មានទាំងបានថតរូបអនុស្សាវរីយ៍ផងដែរ៕