(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បើប្រៀបធៀបរបបសន្តិសុខសង្គមនៅបណ្តាប្រទេសអាស៊ាន ដែលអនុវត្តតាមប្រព័ន្ធគ្រប់គ្រងធានារ៉ាប់រងសង្គម ឃើញថាអត្រាភាគទានរបបសន្តិសុខសង្គមនៅកម្ពុជា នៅតែមានកម្រិតទាបជាងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ ដែលជាកត្តាដ៏ពិសេសសម្រាប់ការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។
ការថ្លែងបែបនេះរបស់លោក អ៉ិត សំហេង ត្រូវបានធ្វើឡើងនាពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផត។
នាឱកាសនោះ លោក អ៉ិត សំហេង បានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍនិងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយសាមគ្គីធម៌និងសមធម៌សង្គម សម្រាប់ប្រជាពលរដ្ឋ សំដៅបង្ការហានីភ័យហិរញ្ញវត្ថុ ធានាស្ថិរភាព និងចីរភាពប្រាក់ចំណូលនិងការងារ លើកកម្ពស់សុខភាពល្អជាសកល និងកាត់បន្ថយវិសមភាពក្នុងសង្គម។
ក្នុងស្មារតីនេះ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលបានប្រកាសឱ្យប្រើរួចហើយគ្របដណ្តប់បួនផ្នែក រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ព្រមទាំងបុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។
តាមពិតកន្លងមក ក្រសួងការងារបានដាក់ឱ្យដំណើរការរួចហើយនូវរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលចាប់ពីឆ្នាំ២០១៩នេះ របបទាំងពីរនេះនឹងគ្របដណ្តប់ទាំងកម្មករនិយោជិត និងទាំងមន្ត្រីសាធារណៈ។
លោករដ្ឋមន្ត្រីបានបន្តថា ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមនៃផ្នែកនីមួយៗមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែក ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ រួមមាន៖
* ការផ្តល់ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត ដោយរួមមានវិធានការការពារសុខភាពរបស់កម្មករនិយោជិត និងសមាជិកគ្រួសាររបស់កម្មករនិយោជិត។ វិធានការបង្ការសុខភាព សុវត្ថិភាព និងអនាម័យការងារ ក៏ត្រូវបានបង្កើតឡើងក្នុងគោលដៅបង្ការគ្រោះថ្នាក់ កន្លែងធ្វើការងារ តាមរយៈកម្មវិធីបង្ការ និងផ្សព្វផ្សាយ។
* ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការលម្ហែមាតុភាព ដែលជាគោលដៅមួយក្នុងការជំរុញនូវវិធានសម្រាប់ការបងើ្កតធនធានមនុស្ស ដែលអាចទ្រទ្រង់បាននូវខឿនសេដ្ឋកិច្ច ក៏ដូចជាការធ្វើឲ្យមានស្ថិរភាពនៃកំណើនសេដ្ឋកិច្ចផងដែរ។
* ការផ្តល់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពអចិន្រ្តៃយ៍សម្រាប់កម្មករនិយោជិត ដែលជួបប្រទះនូវហានិភ័យការងារ គឺជាយន្តការមួយក្នុងការទប់ស្កាត់ មិនឲ្យគ្រប់ជនពិការត្រូវធ្លាក់ចូលទៅក្នុងបន្ទាត់ភាពក្រីក្រ ដែលជាបន្ទុកទាំងស្រុងរបស់រដ្ឋាភិបាល។
* ការផ្តល់នូវសេវាស្តានីតិសម្បទា តាមរយៈរបបសន្តិសុខសង្គមក៏ត្រូវបានលើកកម្ពស់សម្រាប់កម្មករនិយោជិតដែលពិការអាចមានឱកាស ក្នុងការធ្វើការងារជាថ្មី ឬអាចប្រកបការងារណាមួយទៅតាមស្ថានភាពពិការភាព។
* ការបង្កើតឲ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន គឺជាការរក្សាបាននូវស្ថិរភាពមួយនៃចលនាផ្លាស់ប្តូរវិស័យរវាងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការបង្កើតនូវប្រព័ន្ធដែលអាចរក្សាបាននូវអតីតភាពការងារ។ តាវកាលិកសោធនជរាភាពក៏ជាយន្តការមួយ ដើម្បីធានានូវនិរន្តរភាពប្រាក់ចំណូលពេលដែលពួកគាត់ចូលដល់វ័យចាស់ជរា ដោយមិនពឹងផ្អែកលើការឧបត្តម្ភរបស់សមាជិកគ្រួសារ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានសង្កត់ធ្ងន់ថា «បើប្រៀបធៀបរបបសន្តិសុខសង្គមនៅបណ្តាប្រទេសអាស៊ាន ដែលអនុវត្តតាមប្រព័ន្ធគ្រប់គ្រងធានារ៉ាប់រងសង្គម (Social Insurance/Defined benefit) ឃើញថាអត្រាភាគទានរបបសន្តិសុខសង្គមនៃប្រទេសកម្ពុជានៅតែមានកម្រិតទាបជាងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ ដែលជាកត្តាដ៏ពិសេសសម្រាប់ការទាក់ទាញការវិនិយោគសម្រាប់ប្រទេសកម្ពុជា»។
លោកបានបន្ថែមទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាសេនាធិការក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមបានអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យសាធារណៈ និងការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននៅឆ្នាំ២០១៨។
លោក អ៉ិត សំហេង បានថ្លែងបន្តទៀតថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីការរីកចម្រើននៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល និងសង្គតិភាព ដែលរក្សាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារខាងលើជាប់ជាប្រចាំ៕