(ត្បូងឃ្មុំ)៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុកក្រូចឆ្មារ លោក សយ ទូច នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលចំនួន៦នាក់ និងកំលាំងសឹករងចំនួន៤នាក់ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់១កន្លែង ដោយផ្ទាល់ ដោយឆ្លងកាត់ព្រៃកៅស៊ូ ចំការស្វាយចន្ទី ទំរាំដល់ទីតាំង នៅចំណុចត្រពាំងខ្សាច់ ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយចាប់ដកហូតវត្ថុតាងមួយចំនួន ខណៈអ្នកញៀនល្បែងស៊ីសង រត់បាត់ស្រមោលបាតជើងសព្រាតអស់រលីង។
លោក សយ ទូច បានបញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមញៀនល្បែងជល់មាន់ ធ្វើឡើងវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីទទួលព័ត៌មានពីមហាជនបានរាយការណ៍មកថា មានការលួចជល់មាន់នៅទីតាំងខាងលើ។
ភ្លាមៗលោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបង្រ្កាប ប៉ុន្តែពេលទៅដល់ មុខសញ្ញាក្រុមអ្នកញៀនល្បែងជល់មាន់បានរត់បាត់អស់ បន្សល់ទុកវត្ថុតាងមួយចំនួន ហើយកងកម្លាំងចាប់ដកហូតបានរួមមាន មាន់ជល់១ក្បាល ស៊ុតមាន់១៥ និងកៅអីជ័រចំនួន១៧ និងបានរុះរើដុតកម្ទេចចោលសង្វៀនជល់មាន់ នៅនឹងកន្លែងតែម្តង។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលឃុំឈូក ស្រុកក្រូចឆ្មារ ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យយកមកធ្វើការអប់រំ និងចាត់វិធានការ ទៅតាមផ្លូវច្បាប់៕