(អូស្ត្រាលី)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់រដ្ឋសភា និងរដ្ឋាភិបាលអូស្ត្រាលី ឲ្យជួយជំរុញអ្នកវិនិយោគ និងទេសចរណ៍ អូស្ត្រាលីមកកម្ពុជាកាន់តែច្រើន។
ការជំរុញបែបនេះរបស់សម្តេចពញាចក្រី ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយលោក តូនី ស្មីត (Tony Smith) ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធានកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ដែលជាការពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិការសភាប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំឡើង។
លោកប្រធានរដ្ឋសភាអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជា មកចូលរួមកិច្ចប្រជុំ APPF ក្នុងប្រទេសអូស្រ្តាលី នាពេលនេះ។ អូស្រ្តាលីបានសិក្សា និងដកស្រង់ពិសោធន៍ជាច្រើនពីសភាកម្ពុជា ដែលរៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំ២០១៩ មុនសភាអូស្រ្តាលី។
សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងពីសារៈសំខាន់របស់សភាអូស្រ្តាលី នៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការៀបចំកិច្ចប្រជុំ APPF លើកទី២៨នេះ ប្របកដោយខ្លឹមសារបង្ហាញសារៈសំខាន់ ពីកិច្ចសហប្រតិបត្តិការល្អនូវសមាជិក APPF ដើម្បីវិបុលភាពរបស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានរួមវិភាគទានយ៉ាងធំធេង ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក៏ដូចជាការអភិវឌ្ឍន៍នៅកម្ពុជា។ បច្ចុប្បន្នអូស្រ្តាលីជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា ស្ទើរគ្រប់វិស័យ។
ក្នុងជំនួបដ៏មានតម្លៃនោះ សម្តេចពញាចក្រី ហេង សំរិន បានស្នើសភា និងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជំរុញវិនិយោគ និងទេសចរណ៍ពីអូស្ត្រាលី ទៅកម្ពុជា និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា មកសិក្សានៅអូស្រ្តាលី ពីព្រោះការអភិវឌ្ឍន៍នៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់។
សម្តេចពញាចក្រី ហេង សំរិន បានគោរពអញ្ជើញលោក តូនី ស្មីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ខាងមុខនេះ។
លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានទទួលយកសំណើ និងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ លោកមានក្តីរីករាយចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់។
សូមជម្រាបថា នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF នាទីក្រុងកុងបេរ៉ា នេះ សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារផ្លូវការនិងក្រៅផ្លូវការជាមួយប្រតិភូសភា ដែលជាសមាជិក APPF និងអន្តរសភាអាស៊ាន មួយចំនួនទៀតផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជានិងបណ្តាប្រទេសជាមិត្ត៕