(ភ្នំពេញ)៖ កម្ពុជាយើងបាន និងកំពុងធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅ «Big Bad Wolf Book» ឬគេស្គាល់ជាខេមរភាសាថា ការតាំងពិព័រណ៌សៀវភៅ ធំជាងគេបង្អស់លើពិភពលោក ដែលមានសៀវភៅអង់គ្លេសថ្មីៗចំនួន ១លានក្បាលឯណោះ។
ព្រឹត្តិការណ៍នេះ បានបើកដំណើរការចាប់តាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នឹងបិទបញ្ចប់ទៅវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅផ្សារបុរីរុងរឿង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការតាំងពិព័រណ៌សៀវភៅ ធំជាងគេបង្អស់លើពិភពលោក ខណៈការចូលរួមទស្សនាពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះទេ។
នៅក្នុងព្រឹត្តិការណ៍ «Big Bad Wolf Book Sale» បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ រួមមាន៖ សៀវភៅសម្រាប់កុមារ, សៀវភៅប្រលោមលោក, សៀវភៅរឿងពិត, សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត, សៀវភៅស្នេហា, សៀវភៅអភិវឌ្ឍន៍ខ្លួនឯង, សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម, សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។ ការដាក់លក់សៀវភៅ មានការបញ្ចុះតម្លៃចាប់ពី ៥០% រហូតដល់ ៩០%។
ព្រឹត្តិការណ៍ដ៏ធំមួយនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ បាននាំគ្នាទៅទស្សនា និងទិញសៀវភៅយ៉ាងច្រើនកុះករ។ នៅទីកន្លែងតាំងពិព័រណ៍នោះ ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ អង្គភាពព័ត៌មាន Fresh News ប្រជាពលរដ្ឋ ដែលទៅទិញសៀវភៅ បានយល់ឃើញថា ទម្លាប់នៃការអាន បានចាប់ផ្តើមក្លាយទៅជាវប្បធម៌របស់ខ្មែរបណ្តើរៗហើយ។
គ្រួសាររបស់លោកស្រី លី សួង គឺជាគ្រួសារមួយដែលចូលចិត្តអានសៀវភៅខ្លាំងណាស់។ លោកស្រី បាននាំស្វាមីនិងកូន ដើរមើលសៀវភៅ និងអនុញ្ញាតឲ្យកូនរបស់លោកស្រី ជ្រើសរើសសៀវភៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ៣នាក់ប្តីនិងកូនស្រីម្នាក់ គ្រួសារលោកស្រី លី សួង បានទិញសៀវភៅប្រមាណ ៥០ក្បាលឯណោះ។
លោកស្រី លី សួង បានថ្លែងថា គ្រួសាររបស់លោកស្រី ចូលចិត្តអានសៀវភៅខ្លាំងណាស់ ខណៈពេលមួយថ្ងៃៗ ពួកគាត់តែងតែចំណាយពេលអានសៀវភៅជានិច្ច។ លោកស្រី បានបង្ហាញក្តីរីករាយផងដែរ ដែលកូនស្រីរបស់គាត់ ក៏ជាមនុស្សចូលចិត្តការអានបែបនេះ ហើយសៀវភៅអ្វី ក៏លោកស្រីទិញឲ្យដែរ។
លោកស្រី លី សួង បានបញ្ជាក់ថា «ខ្ញុំគិតថាសៀវភៅសំខាន់ណាស់ សៀវភៅផ្តល់ចំណេះដឹងខ្លាំងទៅឲ្យគាត់ ហើយជួនកាលយើងជាឪពុកម្តាយ យើងអត់មានពេលវេលាដើម្បីប្រាប់កូនទេ។ ជួនកាលនៅក្នុងសៀវភៅ យើងអត់អាចចេះដល់ហ្នឹងទេ ប៉ុន្តែនៅពេលយើងទិញសៀវភៅឲ្យគាត់មើល វាដូចជាគ្រូបង្រៀនមួយសម្រាប់គាត់ដោយផ្ទាល់តែម្តង»។
សម្រាប់លោកស្រី លី សួង បានរំពឹងទុកថា ការអានសៀវភៅនឹងជួយអនាគតកូនរបស់លោកស្រី ឲ្យមានភាពល្អប្រសើរជាក់ជាមិនខានឡើយ។ លោកស្រី បានបន្តថា សាច់ញាតិរបស់លោកស្រី ក៏ជាអ្នកចូលចិត្តអានសៀវភៅផងដែរ ព្រោះជាក់ស្តែងនៅផ្ទះសាច់ញាតិលោកស្រី លី សួង មានទាំងបន្ទប់ដាក់សៀវភៅទៀតផង។ លោកស្រី លី សួង អះអាងថា ពេលណាមានភ្ញៀវទៅលេងផ្ទះ សាច់ញាតិលោកស្រី តែងតែអនុញ្ញាតឲ្យភ្ញៀវ យកសៀវភៅអានជានិច្ច។
ថ្លែងដូចគ្នាដែរ លោក យ៉ាង អ៉ីគង់ ជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា ក៏យល់ឃើញថា ការអានសៀវភៅ ក្លាយទៅជាទម្លាប់ដ៏ល្អមួយ សម្រាប់ពលរដ្ឋកម្ពុជា។ ជាក់ស្តែង និស្សិតដូចជាលោក អ៉ីគង់ តែងតែអានអ្វីថ្មីៗ និងល្អៗ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្រើន ពីពិភពលោកទាំងមូល។
បើតាមនិស្សិតរូបនេះ បានសង្កេតឃើញថា ភាគច្រើនអ្នកចូលចិត្តអានសៀវភៅ គឺនៅពេលដែលពួកគាត់ រៀននៅសាកលវិទ្យាល័យ ព្រោះនៅសាកលវិទ្យាល័យ គឺជាពេលរៀនយកជំនាញប្រចាំជីវិត។ លោកបានផ្តាំទៅយុវជនផ្សេងៗទៀត ត្រូវតែខិតខំអានសៀវភៅ និងលើកស្ទួយការអានសៀវភៅ ដើម្បីឲ្យក្លាយជាអ្នកមានចំណេះដឹងខ្ពស់ អាចជួយប្រទេសជាតិបាន។
«ក្នុងនាមខ្ញុំជានិស្សិតមួយរូប សុំកុំឲ្យពួកគាត់ផ្លូវខុស ត្រូវតែងាកមកការសិក្សាជាចម្បង ដើម្បីឲ្យប្រទេសជាតិយើងរីកចម្រើន ក្លាយជាទំពាំងស្នងឫស្សី»។ លោក យ៉ាង អ៉ីគង់ គូសបញ្ជាក់។
គួរជម្រាបថា «Big Bad Wolf Books» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយស្ថាបនិកជនជាតិម៉ាឡេស៉ី ដើម្បីអាចឲ្យប្រជាជនម៉ាឡេស៉ី អាចទទួលបានសៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ នៅក្នុងឆ្នាំ២០១៦ ពិព័រណ៍សៀវភៅនេះ បានចាប់ផ្តើមរៀបចំ ធ្វើឡើងនៅក្រៅប្រទេស ដើម្បីធានាថាមនុស្សគ្រប់រូប មានលទ្ធភាពក្នុងការទទួលបានសៀវភៅកាន់តែច្រើន តាមដែលអាចធ្វើបាន។
នៅក្នុងឆ្នាំ២០១៩ ពិព័រណ៍នេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងចំនួន៣២ នៅក្នុងប្រទេសចំនួន១០ ក្នុងតំបន់អាស៉ីអាគ្នេយ៍, អាស៉ីភាគខាងត្បូង, មជ្ឈិមបូព៌ា ដែលបានអាចទាក់ទាញអ្នកចូលរួមច្រើនជាង៥លាននាក់។ សម្រាប់កម្ពុជា នេះជាលើកទីមួយហើយ ដែលមានការតាំងពិព័រណ៌សៀវភៅ ដ៏ធំអស្ចារ្យបែបនេះ។
កញ្ញា គីម មួយ ដែលជាភ្នាក់ងារផ្តល់ព័ត៌មាន នៃការតាំងពិព័រណ៌សៀវភៅ ១លានក្បាល បានលើកឡើងថា មូលហេតុដែលនាំឲ្យមានព្រឹត្តិការណ៍នេះ ដោយសារឃើញពលរដ្ឋខ្មែរ គាំទ្រយ៉ាងខ្លាំងចំពោះការអានសៀវភៅ ដែលសកម្មភាពនេះបានបង្ហាញឲ្យឃើញ តាមរយៈការតាំងពិព័រណ៌សៀវភៅ នៅបណ្ណាល័យជាតិ កាលពីប៉ុន្មានខែមុន។ កញ្ញាបង្ហើបថា «Big Bad Wolf Books» មិនបានរំពឹងថា មានមនុស្សច្រើនគាំទ្រទេ ព្រោះការតាំងពិព័រណ៍នេះ សុទ្ធតែសៀវភៅអង់គ្លេស ប៉ុន្តែជាក់ស្តែងមនុស្សមកគាំទ្រលើកការរំពឹងទុក។
កញ្ញា គីម មួយ បានបញ្ជាក់ថា «ជាដំបូង ខ្ញុំអត់បានរំពឹងថា មានមនុស្សច្រើនដល់ថ្នាក់ហ្នឹងទេ ព្រោះព្រឹត្តិការណ៍នេះ សុទ្ធតែជាសៀវភៅភាសាបរទេស អ៉ីចឹងខ្ញុំគិតថា ប្រហែលជាមានមនុស្សតិចតួចទេ ដែលគាត់មក ប៉ុន្តែស្រាប់តែលើសពីការរំពឹងទុក។ មកកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសថ្ងៃចុងសប្តាហ៍»។
បើតាមកញ្ញា គីម មួយ ដោយសារប្រជាពលរដ្ឋកម្ពុជា ចូលចិត្តអានសៀវភៅបែបនេះ ព្រឹត្តិការណ៍ «Big Bad Wolf Books» ក៏គ្រោងនឹងបង្កើតឲ្យមានបន្ត នៅឆ្នាំក្រោយៗទៀតផងដែរ៕