(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលក្ខណៈត្រីភាគីស្តីពី «ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ» ដោយមានជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ (ILO)។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអង្គភាពព័តត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។
បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
សិក្ខាសាលាពិគ្រោះយោបល់ ដែលមានការចូលរួមពីតំណាងភាគីសហជីពចំនួន ១៨រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងដៃគូរបស់ក្រសួង
ចំនួន ១១រូបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពី៖
*ទី១៖ ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី ១វេនជាប្រចាំ។ ការកែសម្រួលនេះ គឺដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា៖ រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋ។ ដោយឡែករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី១វេនម្តងម្កាល គឺនៅបន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមាន។
*ទី២៖ ការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
*ទី៣៖ ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់ និងសកលលោក។
សិក្ខាសាលាពិគ្រោះយោបល់លើកទី១នេះ នឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការពិនិត្យនិងពិភាក្សាផ្តល់ធាតុចូលនានា សំដៅការពារផលប្រយោជនបងប្អូនកម្មករនិយោជិត និងនិយោជក។ ក្រសួងនឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ ILO រៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងកិច្ចប្រជុំពិគ្រោះយោបល់ជាលក្ខណៈត្រីភាគីបន្តទៀត ដើម្បីបន្តប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖