(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិត និង រងរបួសដោយសារការបាក់រលំអាគារ នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ នេះបើតាម Facebook Page ផ្លូវការរបស់ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងលិខិតដែលលោក Vivian Balakrishnan បានផ្ញើទៅកាន់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាក់ សុខុន, លោក Balakrishnan បានសំដែងនូវការអាណិតអាសូរ យ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិត និងរងរបួសក្នុងពេលបាក់រលំអាគារនេះ។
លិខិតនោះក៏បានធានារផងដែរថា ប្រទេសសិង្ហបុរីបានត្រៀមផ្តល់ជាជំនួយ ក្នុងករណីដែលប្រទេសកម្ពុជាត្រូវការ។
គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់៦ជាន់ នៅក្នុងខេត្តកែប បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បណ្តាលឱ្យមនុស្សរងគ្រោះ និងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕