(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌទំាង១៤ បន្តពង្រឹងកិច្ចការពាររសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភំ្នពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង១៤។
ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ក្នុង រាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី។
លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត ការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបទៅលើគ្រឿងញៀន ដែលជាបញ្ហាដ៏ធំដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន។
លោកបានអះអាងថា បញ្ហាល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយ នឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង៕