(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត១គ្រឿង បណ្តាលឱ្យមន្ត្រីនគរបាលជាតិនៅនាយកដ្ឋានអង្គរក្សម្នាក់ស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀតរងរបួស កាលពីយប់ថ្ងៃទី០៦ ខែមករា កន្លងទៅនោះ ពេលនៅថ្ងៃនេះ អ្នកបើកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
គួរជម្រាបថា នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២៖៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាល ឱ្យស្លាប់មនុស្សម្នាក់ នៅកន្លែងកើតហេតុ និង០២នាក់ទៀត រងរបួស ត្រង់ចំណុចស្តុបផ្សារថ្នល់បត់ ផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចន រតនា អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋានអង្គរក្ស) មានទីលំនៅផ្ទះ១៣៤អឺ ៤ហ្សិត ផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកអ្នករងរបួសមិនស្គាល់ អត្តសញ្ញាណកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសួគ៌ា។
ជនបង្កបើកឡានម៉ាក TOYOTA HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9621 បានបើករត់គេច ប៉ុន្តែបន្សល់ទុកតែស្លាកលេខរថយន្តនៅកន្លែងហេតុ។ ចំណែកជនរងគ្រោះបើកបរម៉ូតូម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-6686៕