(ម៉ាកាស់)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពមូស្លិម RABITA បានចូលរួមសម័យប្រជុំឧត្តមក្រុមប្រឹក្សាលើកទី៤៤ នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានឥស្សរជនតំណាងមកពី៨២ប្រទេស។
តាមការបញ្ជាក់ពី ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឲ្យដឹងថា នៅក្នុងសេចក្តីប្រកាសនៃសម័យប្រជុំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានប្រឆាំងដាច់ខាត នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃរដ្ឋអាធិបតេយ្យមួយ ដែលធ្វើឲ្យប្រទេសនោះ មានភាពចលាចល និងភាពវឹកវរ ឈានដល់ការបាត់បង់សន្តិភាព អស្ថេរភាព អសន្តិសុខ ឬបង្កភាពលំបាកក្នុងការទទួលបានសន្តិភាព។ មិនតែប៉ុណ្ណោះ ក៏មានការរំលោភបំពានលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗ។ ក្នុងនោះដែរ អង្គប្រជុំក៏បានថ្កោលទោស ចំពោះប្រទេសណាក៏ដោយ ដែលបានជ្រៀតជ្រែកចូលក្នុងប្រទេសលីបី ក្នុងរយៈកាលកន្លងមកផងដែរ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក RABITA គឺជាសក្ខីភាព នៃការផ្ដល់តម្លៃខ្ពស់ ទៅលើសុខសន្តិភាព និងការបង្រួបបង្រួម ដែលមនុស្សជាតិត្រូវការជាចាំបាច់មុននឹងសេចក្តីត្រូវការផ្សេងៗទៀត ដែលស្របទៅនឹង គោលនយោបាយ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានកសាង និងការពារសុខសន្តិភាព បញ្ចៀសបាន រាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា រក្សាបាននៅអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី ជូនប្រទេសជាតិ និងប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត គ្មានទំនាស់ជាតិសាសន៍ និងសាសនា និងគ្មានការរើសអើង។
គួរបញ្ជាក់ថា អង្កការសម្ព័ន្ធពិភពមូស្លិម RABITA បង្កើតឡើងនៅឆ្នាំ១៩៦២ មានទីស្នាក់ការនៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត ស្ថាបនិកដោយ ព្រះចៅ ហ្វៃសល អាល់សាអូឌីត តាមសេចក្តីសម្រេច របស់អង្គការសហប្រតិបត្តិការឥស្លាម(OIC) ជាអង្គការឥស្លាមមួយដ៏មានឥទ្ធិពល ដែលទ្រទ្រង់ថវិកា ដោយរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងពង្រីកទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការឥស្លាម និងមនុស្សធម៌ទូទាំង សកលលោក។
អង្គការនេះប្រកាន់ភ្ជាប់នូវផ្លូវនិយមកណ្តាល និងការពារមិនឲ្យមានមនោគមវិជ្ជា ឬគំនិតហួសព្រំដែន ដែលឥស្លាមបានហាមប្រាម និងធ្វើឲ្យខូចឈ្មោះ សាសនាដ៏ពិសិដ្ឋ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារបស់រដ្ឋឥស្លាម ត្រូវតែនៅក្រោមឆត្ររបស់អង្គការ OIC និងខិតខំបំពេញចន្លោះប្រហោង របស់អង្គការនេះ និងរួមគ្នាពង្រឹងទំនាក់ទំនងរវាងប្រទេសពិភពមុស្លិមទាំងអស់ នៅលើពិភពលោក។
អង្គការនេះ ក៏ជាសមាជិកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ (UN) ក្នុងឋានៈជាអ្នកប្រឹក្សាយោបល់ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ហើយជាសមាជិក សង្កេតការណ៍របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) និងជាសមាជិក នៃអង្គការអប់រំ និងវប្បធម៌ (UNESCO) ហើយក៏ជាសមាជិក នៃអង្គការកុមារពិភពលោក (UNICEF) ផងដែរ។
ឧត្តមក្រុមប្រឹក្សា គឺជាអំណាចកំពូលរបស់អង្គការសម្ព័ន្ធ ឥស្លាមពិភពលោក ដែលអនុម័តរាល់ផែនការដែលដាក់ជូន ដោយអគ្គលេខាធិការដ្ឋាន ដែលមានសមាជិក ចំនួន៦០រូប ដែលជាឥស្សរជនជាន់ខ្ពស់ឥស្លាម តំណាងឲ្យប្រជាជាតិ និងសហគមន៍នៃប្រទេសនីមួយៗ។
អង្គការសម្ព័ន្ធឥស្លាមពិភពលោក មានអង្គការសមាគមធំៗ របស់ខ្លួនជាច្រើនដែលគ្រប់ដណ្តប់ ចំនួន៩៥ប្រទេសដោយអំពាវនាវដល់ប្រជាជាតិមុស្លិម ប្រកាន់ខ្ជាប់នូវការបង្រួបបង្រួមជាបងប្អូន ជាធ្លុងមួយ ស្របតាមធម៌វិន័យឥស្លាម និងជៀសវាងការបែកបាក់។ ជាការពិតណាស់ ប្រជាជាតិមុស្លិម ដែលជួបប្រទះនូវការបែកបាក់ ដូចអ្វីដែលបានកំពុងបែកបាក់សព្វថ្ងៃ បណ្តាលមកពីការធ្វើតាមទំនើងចិត្ត។
គួរជម្រាបថា ក្រៅពីកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងមេដឹកនាំ ប្រទេសឥស្លាមជាច្រើនទៀតផងដែរ៕